លោករដ្ឋលេខាធិការ សុខ សប្បាយណា បានចោទជាសំណួរថា «តើយើងទៅធ្វើអ្វី? យើងទៅដើម្បីអ្វី?» ជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ដែលគ្រោងចេញដំណើរទៅបន្តការសិក្សានៅក្រៅប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងជំនួបជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ដែលគ្រោងចេញដំណើរទៅបន្តការសិក្សានៅក្រៅប្រទេស លោករដ្ឋលេខាធិការ សុខ សប្បាយណា បានចោទជាសំណួរថា «តើយើងទៅធ្វើអ្វី? យើងទៅដើម្បីអ្វី?»។ ឯកឧត្តមបានលើកឡើងបែបនេះ ដើម្បីជាការពញ្ញាក់ស្មារតីដល់ក្រុមនិស្សិត ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ និងក្របជញ្ជក់យកចំណេះដឹង ដើម្បីយកមកអភិវឌ្ឍប្រទេសជាតិ នៅពេលត្រឡប់មកវិញ។

ក្នុងជំនួបនាថ្ងៃនេះ ក្រុមនិស្សិតបានរាយការណ៍ និងធ្វើចំណាប់អារម្មណ៍ជូនប្រតិភូក្រសួងមុខងារសាធារណៈ។ ទន្ទឹមនោះ ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ក៏បានចែករំលែកនូវបទពិសោធល្អៗ នៃការសិក្សានៅក្រៅប្រទេស ជាពិសេសជំរុញឱ្យនិស្សិតគ្រប់រូបផ្សព្វផ្សាយពីកម្ពុជា ប្រកបដោយមោទនភាព និងធ្វើឱ្យអន្តរជាតិស្គាល់ពីសក្តានុពលកម្ពុជា ក្នុងភាពជាអ្នកតំណាងប្រទេសជាតិ និងប្រជាជនខ្មែរ។ ទន្ទឹមនេះ លោក សុខ សប្បាយណា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងពាក្យពេចន៍អបអរសាទរ របស់ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជូនដល់និស្សិតទាំងអស់ ដែលទទួលបានឱកាសទៅសិក្សានៅក្រៅប្រទេស ដោយបានបញ្ជាក់ពីការយកចិត្តទុកដាក់ពីសុខទុក្ខនិស្សិតគ្រប់រូប ដោយតែងចាត់ទុកនិស្សិតគ្រប់រូប ជាធនធានដ៏មានសារៈសំខាន់របស់ប្រទេសជាតិ។

ក្នុងនាមជាតំណាង លោកឧបនាយករដ្ឋមន្រ្តី លោកបានបង្ហាញពីតម្លៃនៃសុខសន្តិភាព និងបានបង្ហាញពីការវិវឌ្ឍនៃវិស័យមុខងារសាធារណៈ ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តការងារស្នូលរបស់ក្រសួង គឺការប្រែក្លាយចក្ខុវិស័យសម្តេចធិបតីឱ្យក្លាយជាការពិតនិងការដឹកនាំកំណែទម្រង់ស្ថាប័នឱ្យបានជោគជ័យ ក៏ដូចជាការកសាងប្រព័ន្ធការងារច្បាស់លាស់ ជាពិសេសការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងមុខងារសាធារណៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ស្របតាមចក្ខុវិស័យវែងឆ្ងាយដឹកនាំដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី។

ជាសារដាស់តឿនពញ្ញាក់ស្មារតីដល់ក្រុមនិស្សិតទាំងអស់ ក្នុងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រនូវចំណេះជំនាញថ្មីៗ ដើម្បីចូលរួមក្នុងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជា ឯកឧត្តម សុខ សប្បាយណា បានលើកឡើងជាសំណួរទៅកាន់ក្រុមនិស្សិតថា «ទៅធ្វើអ្វី? ទៅដើម្បីអ្វី?»។ ចុងបញ្ចប់ លោក ក៏បានជូនពរប្អូនៗទាំងអស់ឱ្យទទួលបានជោគជ័យ ជួបតែសុខសុវត្ថិភាព ហើយត្រលប់មកវិញនាំមកនូវកិត្តិយស និងការកោតសរសើរចំពោះកម្ពុជា។

សូមជម្រាបថា ជំនួបនាពេលនេះមានក្រុមនិស្សិតសរុបចំនួន ៣៣នាក់ ដែលគ្រោងចេញដំណើរទៅសិក្សានៅសាធារណរដ្ឋបារាំង, សាធារណរដ្ឋប្រជាមានិតចិន, សាធារណរដ្ឋឆែក, ប្រទេសកាណាដា, ប្រទេសជប៉ុន និងប្រទេសកូរ៉េ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print