ភ្នំពេញ ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ របស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអនុញ្ញាតអោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំ ប្អូនប្រុស ម៉េត ដានី អាយុ ៣៤ឆ្នាំ ជាកងទ័ពជួរមុខ ប្រចាំច្រកអានសេះ ខណៈពេលដែលលោកស្រីបានចុះពិនិត្យសួរសុខទុក្ខនៅមន្ទីរពេទ្យ ១៦ មករា ខេត្តព្រះវិហារ។ លោកស្រី បានរៀបចំក្រុមការងារបញ្ជូនបងប្រុស ម៉េត ដានី មកទទួលការព្យាបាលបន្ទាន់ នៅរាជធានីភ្នំពេញ។
ប្អូនប្រុស មានបញ្ហាឈឺចង្កេះខ្លាំង ចាក់មកជើងខាងឆ្វេង ងើបដើរមិនបាន ដោយសារការលោតប្លោងប៉ះជាមួយលេណដ្ឋាន ពេលដែលសៀមទម្លាក់គ្រាប់។ បងប្រុស បានទទួលការវះកាត់ ការលៀនទ្រនាប់ឆ្អឹងកងចង្កេះទីបួននិងទីប្រាំផ្នែកខាងឆ្វេង ដោយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ស៊ឹម សុខចាន់ នៅ មន្ទីរសម្រាកព្យាបាលក្តីសង្ឃឹមនៃយេរេមា (JHMC) នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។
ប្អូនប្រុសនិងក្រុមគ្រួសារ សូមអរគុណទៅដល់លោកវេជ្ជបណ្ឌិត និងក្រុមការងារនៅមន្ទីរពេទ្យ ជាពិសេស គាត់សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងពីរតែងតែគិតគូដល់សុខទុក្ខរបស់ប្រជាជនកម្ពុជាទាំងអស់។
សូមបញ្ជាក់ ៖ រាល់ការចំណាយទាំងអស់ ក្នុងការព្យាបាល ថ្លៃអាហារប្រចាំថ្ងៃ និងថ្លៃធ្វើដំណើរ ត្រូវបានទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី៕
ដោយ ៖ សិលា