រីក្រំចាស់ៗ ចាត់ចែងនៅផ្ទះ ការងារចូកចាំង យាយៗមើលចៅ ហៅមកឃុំគ្រង តាៗវិញម្ដង ធ្វើខាងកសិកម្ម។
ម៉ែទាងនៅខ្ចី ជំទង់ជាស្រី ក្មេងខ្ចីខែឆ្នាំ ធ្វើកងចល័ត ការចិត្តប្រចាំ អត់ធ្មត់ស៊ូទ្រាំ ប្រឹងដើម្បីរស់។
កិច្ចការម៉ែធ្វើ សុខគ្រប់សារពើ រុករុលឈ្មុលឈ្មុស កាប់គាស់រែកដី រាល់ថ្ងៃគ្មានលស់ លើកទំនប់នោះ ប្រព័ន្ធភ្លឺស្រែ។
ធ្វើច្រើនហូបតិច របបកលកិច្ច ឥតអាចកែប្រែ ពីរពេលមួយថ្ងៃ គេច្នៃឡប់ឡែ ហូបមិនឆ្អែតទេ ទឹករាវពេញចាន។
ដូចបដាចា រែកពន្ធវាសនា គ្មានក្តីសុខសាន្ត បងស្រីពពោះ កើតភ្លោះពីរប្រាណ តែបុណ្យមិនបាន ស្លាប់មួយសល់មួយ។
អ្នកម៉ែខ្នះខ្នែង តស៊ូប្រឹងប្រែង លកលៃគិតជួយ ចៃដន្យពេកពិតជីវិតជួបព្រួយ ប្ដីបងស្រីមួយ គេហៅកសាង។
ម៉ែស្រក់ទឹកភ្នែក អាសូរពន់ពេក ជីវិតឥតព្រាង បងស្រីឱបបុត្រ តក់នៅម្ខាង ប្រកាច់ច្រងងាង ព្រោះប្ដីត្រូវស្លាប់។
គេចោទថាខ្សែ ចិនជាប់ឪម៉ែ គេស៊ើបដឹងស្រាប់ នៅខេត្តរកស៊ី នាទីគេប្រាប់ ត្រូវតែសម្លាប់ កម្អែលមូលធន។
ឱ!អនិច្ចា បី្តបាត់សង្ខារ រស់សែនទារុណ ម៉ែទាងរ៉ាប់រង លើបងសែនធ្ងន់ ចិញ្ចឹមរែកពន់ ក្មួយពីរអាត្មា។
ម៉ែទាងតែងលួច ស្ករត្នោតមើមក្តួច ស្រូវផ្លែផល្លា ដំឡូងអង្ករ លាក់ជាយក្រមា ជូនបងពិសា បញ្ចុកក្មួយផង។
គេប្រើយប់ថ្ងៃ ជិតឆ្ងាយម្ដេចក្តី បញ្ជាមេកង ហេវហត់ល្ហិតល្ហៃ ជើងដៃទាំងសង ស្ពឹកទប់ម្ដងៗ ចង់ដេកដួលដី។
គេប្រើមកឆ្ងាយ ចាកភូមិអន្លាយ មកភ្នំប្រុសស្រី ចាកភូមិប្រាសាទធ្វើការភូមិថ្មី ខ្លួនឥតមានប្ដី ប្តូរធ្វើចុងភៅ។
ចុងភៅដីថ្មី លួចលាក់លកលៃ ទុកគេយកទៅ ចិញ្ចឹមបងស្រី ក្មួយថ្លៃមើលផ្លូវ តិចតួចម្ដេចត្រូវ យកទៅឲ្យបាន។ (នៅមានត។)
