ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា កម្ពុជា បានបន្តស្នើយ៉ាងទទូចឱ្យភាគីថៃ អនុវត្តន៍ប្រកបដោយទំនួលខុសត្រូវ និងស្មោះត្រង់ដូចគ្នាផងដែរ ដើម្បីធានាឱ្យបាននូវការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា៖ គិតចាប់ពីវេលាម៉ោង៦ព្រឹក ដល់ម៉ោង១០ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមាន ជ័យមានសភាពស្ងប់ស្ងាត់។ ប៉ុន្តែ កងកម្លាំងកម្ពុជា ស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបំពេញតួនាទីរបស់ខ្លួនបានយ៉ាងខ្ជួនបំផុត។
លោកស្រីអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ភាគីទាំងពីរត្រូវតែបង្ហាញពីឆន្ទៈ ការប្តេជ្ញាចិត្ត ការគោរព និងការអនុវត្តដោយស្មោះត្រង់ ពិតប្រាកដ ជាក់ស្តែងស្របទៅតាមស្មារតីដែលភា គីទាំងពីរបានឯកភាពគ្នារួចហើយ។ លោកស្រីឧត្ដមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងយ៉ាងដូច្នេះថា៖ «សភាពការណ៍ជួរមុខគិតចាប់តាំងពីម៉ោង៦ព្រឹក ដល់ម៉ោង១០ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត។ តែកងកម្លាំងរបស់យើងស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់បំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុត»។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា កម្ពុជា ក៏សូមគូសបញ្ជាក់យ៉ាងម៉ឹងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការគោរព និងអនុវត្តន៦ឱ្យបានខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នារវាងភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នាពេលថ្មីៗនេះ ដោយធ្វើការជាមួយភាគីថៃ ប្រទេសម៉ាឡេស៊ី សមាជិកអាស៊ាន និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព ពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ជាមួយគ្នានេះ លោកស្រីអ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានបន្ថែមថា នៅក្នុងចំណុចទី២ ដែលកំណត់នៅក្នុងកិច្ចប្រជុំវិសាញ្ញគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ភាគីទាំងពីរបានឯកភាពគ្នារក្សាការឈរជើងនៅទីតាំងបច្ចុប្បន្ននៃកងកម្លាំងរបស់ខ្លួនដែលមាននៅពេលកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន ចាប់ពីម៉ោង២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងមិនត្រូវឱ្យមានការចល័តកម្លាំងកងទ័ព រួមបញ្ចូលទាំងការល្បាតសំដៅ ទៅកាន់ទីតាំងភាគីម្ខាងទៀត៕ដោយ៖តារា