ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រាប់ទៅថៃថា កម្ពុជាប្រកាន់ជំហរ យ៉ាងម៉ឺងម៉ាត់គោរពនូវអនុសញ្ញាអូតាវា ដោយមិនប្រើប្រាស់នូវគ្រាប់មីនថ្មីនោះឡើយ ហើយការដែលថៃ ចោទប្រកាន់ថាកម្ពុជាដាក់មីនថ្មី នៅតាមបណ្តោយព្រំដែននោះ ជាពិសេសនៅប្រាសាទតាមាន់ធំនោះ គឺមិនមែនជាការពិតនោះឡើយ ហើយកម្ពុជាសូមច្រានចោលនូវការចោទប្រកាន់ដោយឥតមូលដ្ឋានរបស់ថៃនេះ។
ការថ្លែងបែបនេះរបស់លោកស្រីអ្នកនាំពាក្យរូបនេះ ក្នុងពិធីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមវេលាម៉ោង ០៧:០០នាទី ព្រឹកថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា កម្ពុជាក្រើនរំលឹកជាថ្មីម្តងទៀត ដល់ភាគីថៃ ត្រូវតែគោរពនូវបទឈប់បាញ់ និងត្រូវគោរពឲ្យបានម៉ឺងម៉ាត់ នូវកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កាលពីថ្ងៃទី២៨ ខែកក្កដា គោរពតាមកិច្ចជំនួបកម្រិតបណ្តាមេភូមិភាគ និងកិច្ចប្រជុំ GBC ខណៈកម្ពុជា បានគោរពយ៉ាងម៉ឹងម៉ាត និងខ្ជាប់ខ្ជួនបំផុតនូវកិច្ចព្រមព្រៀងទាំងឡាយដែលបានសន្យាជាមួយថៃ។
លោកស្រីឧត្តមសេនីយ៍ឯក អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា កម្ពុជា និងសហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវរហូតដល់ថៃបំពេញកាតព្វកិច្ចរបស់ខ្លួន ពោលគឺត្រូវដោះលែងកងទ័ពកម្ពុជាចំនួន១៨នាក់ដែលថៃចាប់ទៅនោះជាបន្ទាន់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ខណៈមកដល់ពេលនេះគឺមានរយៈពេល១៥ថ្ងៃហើយ ដែលថៃចាប់ទាហានខ្មែរទាំង១៨ ដោយខុសច្បាប់៕