ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និងសម្លារៈផ្សេងៗ ប្រមាណជាង២០ កុងទ័រណឺជូនទៅដល់វិរៈកងទ័ពជួរមុខនិងប្រជាពលរដ្ឋភៀសសឹក ក្នុងនោះក៏មាន ទាំងការដឹកចានឆ្នាំងចំនួន១៥០០០ សម្រាប់ ចង្ក្រានហ្គេសចំនួន១៧០០០ចង្រ្កាន និង៣៤០០០ កំប៉ុងផងដែរ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២អាណត្តិទី៤ នៅថ្ងៃពុធទី១៣ ខែសីហា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ប្រជាពលរដ្ឋយើងបានសាគ្គីភាពជាធ្នុង១ក្រោមការដឹកនាំរបស់សម្តេចមហាបវរ ធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនិងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រធានព្រឹទ្ធសភាកម្ពុជា។ចំណុចនេះបានធ្វើឱ្យប្រជាជនមើលឃើញយ៉ាងច្បាស់ពីតួនាទីដែលមិនអាចខ្វះបានរបស់វីរកងទ័ពជាខឿនការពារជាតិប្រជាជននិងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេច មហាបវរ ធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី។ប្រជាជនទាំងអស់បានធ្វើកិច្ចការងារព្រមៗគ្នា ជុំវិញការលើកទឹកចិត្ត ផ្តល់នូវទំនុកចិត្តជាខ្នងបង្អែកខឿនការពារជាតិរបស់ប្រជាពលរដ្ឋ ដែលបានលើកទឹកចិត្តឱ្យកងទ័ពកាន់តែ មានភាពក្លាហាន។ រាជធានីភ្នំពេញយើងបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចក្នុងនាមជាប្រជាពលរដ្ឋល្អ ដើម្បីធ្វើកិច្ចការងារបំរើឱ្យជួរមុខ ទាំងសម្លារៈថវិកា និងស្មារតី បានល្អប្រសើរ។បន្ថែមពីនេះប្រជាពលរដ្ឋ ព្រះសង្ឃទាំង២គណៈបានធ្វើសកម្មភាពផ្សេងៗច្រើនទៀត ដើម្បីបង្ហាញឱ្យអន្តរជាតិបានឃើញ ពីការឈ្លានពាររបស់កងទ័ពថៃមកលើបូរណភាពទឹកដីកម្ពុជា កម្ពុជាចង់បានសន្តិភាព។ សំរាប់រដ្ឋបាលរាជធានីភ្នំពេញបានរួមគ្នាជាមួយប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដោយបានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគនិងថវិកាជូនទៅដល់កងទ័ពជួរមុខនិងប្រជាពលរដ្ឋភៀសសឹកជាបន្តបន្ទាប់។ ក្រៅពីការងារខាងលើ ការងាររក្សាសន្តិសុខ សុវត្ថិភាពនៅរាជធានីភ្នំពេញយើងក៏បានអនុវត្តបានល្អប្រសើរ ជាមួយនិងការបង្ក្រាបល្បែងស៊ីសង់តាមអនឡាញបានជាច្រើនកន្លែងផងដែរ។
លោក ឃួង ស្រេង ក៏បានអរគុណចំពោះមន្ត្រីនិងថ្នាក់ ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ដើម្បីបម្រើការងារទទួលនិងបញ្ជូនគ្រឿងឧបភោគ បរិភោគនិងសម្លារៈផ្សេងៗទៅជូនជនភៀសសឹកនិងវីរកងទ័ពជួរមុខ ដោយមិនបានសំរាកឡើយទោះបីជាថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងឈាមដែលស្រក់នៅតាមព្រំដែន។ជាមួយគ្នានោះយើងក៏មិនអាចភ្លេចបានចំពោះក្រុមការងារផ្សព្វ ផ្សាយព័ត៌មាន ក៏ដូចជាប្រព័ន្ធអនឡាញដែលមិនបានធ្វើការងារខុសឆ្គង នៅក្នុងរាជធានីភ្នំពេញ ធ្វើឱ្យប្រជាពលរដ្ឋមានការភ័ណ្ឌច្រឡំ ដោយបានស្តាប់នូវការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញក៏ដូចជារាជរដ្ឋាភិបាល។នេះបញ្ជាក់ឱ្យឃើញ ពីមហាសាមគ្គីភាព ដែលយើងមិនអាចភ្លេចបាន។
សូមបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំនេះបានពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៣ ក្នុងនោះរួមមាន៖ ១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សារាជធានី- ភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ ២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលរាជធានីភ្នំពេញ។ ៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការចំណូល ចំណាយថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ៕
ដោយ៖ សំរិត