កម្ពុជា-ចិន ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ ក្នុងតំបន់មេគង្គ

ចែករំលែក៖

ទីក្រុងប៉េកាំង ៖ កម្ពុជានិងចិនប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ ក្នុងតំបន់មេគង្គ និង កសាងអនាគតប្រកបដោយសន្តិភាព វិបុលភាព និងចីរភាព នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ។

ប្រភពបានចុះផ្សាយថា «នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន ។ 

ក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ក្នុងតំបន់មេគង្គ និងកសាងអនាគតប្រកបដោយសន្តិភាព វិបុលភាព និងចីរភាព ដោយធ្វើការរួមគ្នា តាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង។ 

ភាគីទាំងពីរក៏បានពិភាក្សាអំពីមធ្យោបាយក្នុងការធ្វើឱ្យទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរអោយកាន់តែស៊ីជម្រៅថែមទៀត»។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំគណប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print