ភ្នំពេញ ៖ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានធនធានមនុស្ស ក្នុងឆមាសទី១ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានសម្រេចបាន សមិទ្ធផលការងារសំខាន់ៗចំនួន៣ ក្នុងនោះ ទី១-ការងារដឹកនាំនិងគ្រប់គ្រងអង្គភាព ដើម្បីធានាឱ្យបានការងារដឹកនាំ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ អគ្គនាយកដ្ឋានធនធានមនុស្សតែងតែពង្រឹងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែរឹងមាំ ដោយពង្រឹងទៅលើរបៀបរបបធ្វើការ និងប្រព័ន្ធទំនាក់ទំនងការងារ ទី២-ការគ្រប់គ្រងមន្ត្រីរាជការទាំង៣ក្របខ័ណ្ឌនិងការអភិវឌ្ឍសមត្ថភាព ធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការទាំង៣ក្របខ័ណ្ឌ ដើម្បីគ្រប់គ្រងការប្រែប្រួលស្ថានភាពមន្ត្រីឱ្យបានច្បាស់លាស់ និងមានសុក្រឹត្យភាព ដោយធានាដល់ការបម្រើការងារជំនាញកាន់តែល្អប្រសើរ និងទី៣ -ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងឯកសារពាក់ព័ន្ធសម្រាប់បម្រើការងារគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស ធ្វើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់ជាតិនគរបាលជាតិកម្ពុជា។
លោក នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេងផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស បានមានប្រសាសន៍ឱ្យដឹងថា ក្នុងរយៈពេលមួយឆមាសនេះដែរ អគ្គនាយកដ្ឋានធនធានមនុស្ស បានបង្កើតឯកសារគតិយុត្តសម្រាប់បម្រើឱ្យការងារដឹកនាំ និងការងារកំណែទម្រង់ធនធានមនុស្សជាកិច្ចការចម្បងអនុវត្តតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ដើម្បីសម្រេចចក្ខុវិស័យរបស់ក្រសួងមហាផ្ទៃ។ យ៉ាងណាក៏ដោយ បើតាមលោក នាយឧត្តមសេនីយ៍ អគ្គនាយកដ្ឋានធនធានមនុស្ស បានជួបបញ្ហាប្រឈមចំនួន២ ទាក់ទងជំនាញឯកទេសបច្ចេកវិទ្យាឌីជីថល និងការបំពាក់សម្ភារៈបរិក្ខារបច្ចេកវិទ្យាទំនើប និងការងារកំណែទម្រង់តែងតែជួបការលំបាកនិងស្មុគស្មាញ។
ដើម្បីឈានទៅសម្រេចបានលទ្ធផលការងារសំខាន់ៗស្របតាមតួនាទីភារកិច្ចជូនក្រសួងមហាផ្ទៃ លោកអគ្គនាយក បានមានប្រសាសន៍ទៀតថា អគ្គនាយកដ្ឋានធនធានមនុស្សបានដាក់ចេញទិសដៅការងារបន្តចំនួន៤ ទី១-បន្តយកចិត្តទុកដាក់អនុវត្តកម្មវិធីការងារសម្រាប់ឆមាសទី២ ដែលដកស្រង់ពីផែនការសកម្មភាពប្រចាំឆ្នាំនៃយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ទី២-បន្តខិតខំជំរុញការអនុវត្តការងារកំណែទម្រង់ធនធានមនុស្ស ទី៣-បន្តសិក្សាស្រាវជ្រាវ និងស្វែងយល់លិខិតបទដ្ឋានគតិយុត្តថ្មីៗ និងទី៤-បន្តអនុវត្តតាមគោលការណ៍ដឹកនាំនិងណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានធនធានមនុស្សត្រូវបានបង្កើតឡើងនៅក្នុងខែសីហា ឆ្នាំ២០២៣។ អគ្គនាយកដ្ឋាននេះ មានតួនាទី ភារកិច្ចសំខាន់ៗ ចំនួន៣ រួមមាន ១-ធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងមន្ត្រីរាជការទាំង៣ក្របខ័ណ្ឌ ដែលមាន មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងពន្ធនាគារ។ ២-ផ្ដួចផ្ដើមគំនិតរៀបចំបង្កើតនិងកែសម្រួលគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារបុគ្គលិក ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការងារដឹកនាំ ឱ្យឆ្លើយតបទៅនឹង ការងារកំណែទម្រង់ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ។ ៣ -ពិនិត្យ និងផ្ដល់យោបល់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើសំណើពាក់ព័ន្ធនឹងការងារបុគ្គលិករបស់អង្គភាពនានាចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលបានកំណត់៕
ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្រ្តីអ្នកនាំពាក្យក្រសួងមហាផ្ទៃ