ទីក្រុងប៉េកាំង ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ផ្សាយឱ្យដឹងថា ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា ចិនគាំទ្រកម្ពុជា និងថៃ នៅក្នុងការដោះស្រាយជម្លោះព្រំដែន ហើយនឹងផ្ដល់ជំនួយទៅតាមការចង់បាន របស់ប្រទេសទាំង២។
លោក Wang Yi បាននិយាយថាចិនក៏គាំទ្រផងដែរដល់ប្រទេសទាំង២ ក្នុងការពង្រឹងកិច្ចសន្ទនា និងសង្ឃឹមថា ពួកគេនឹងកសាងទំនុកចិត្តរវាងគ្នា ក៏ដូចជាស្ដារមិត្តភាពឡើងវិញ។ ការកត់សម្គាល់បែបនេះរបស់លោក ប្រមុខការទូតចិន ធ្វើឡើងក្នុងសេចក្ដីថ្លែងការណ៍ចំនួន២ ចេញផ្សាយដោយក្រសួងការបរទេសចិន បន្ទាប់ពីរូបលោកបានជួបសមភាគីកម្ពុជា និងថៃរបស់លោកដាច់ដោយឡែកពីគ្នា នៅឯកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa លោក Wang Yi បានលើកឡើងពីការត្រៀមលក្ខណៈរបស់ចិន ដើម្បីពន្លឿនការស្ថាបនាផ្លូវដែកចិន-ថៃ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនចិន វិនិយោគក្នុងប្រទេសថៃ និងដើម្បីធានាសិ្ថរភាពនៃខ្សែក្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម។ ដោយឡែក នៅឯជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក Prak Sokhonn លោក Wang បានបង្ហាញការគាំទ្រដល់កម្ពុជា ក្នុងការថែរក្សាស្ថិរភាពនយោបាយ ហើយថាចិនកោតសរសើរដល់កម្ពុជាក្នុងការបង្រ្កាបបណ្ដាញល្បែងអនឡាញ និងការឆបោក។
ព្រឹកមុិញ ! នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាក្រៅផ្លូវការជាមួយ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និង លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន ៕
ដោយ ៖ សិលា