លោកបណ្ឌិត​ គិន ភា សង្ឃឹមថា ចិននឹងប្រើឥទ្ធិពលខ្លួនក្នុងនាមអ្នករក្សាសន្តិភាព ជំរុញឱ្យថៃដោះលែងកងទ័ពខ្មែរវិញ

ចែករំលែក៖

ភ្នំពេញ​៖​ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា​ បានលើកឡើងថា៖ កម្ពុជា សង្ឃឹមថាប្រទេសចិននឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ជំរុញឱ្យថៃដោះលែងកងទ័ពខ្មែរដែលចាប់យកទៅដោយខុសច្បាប់ត្រឡប់មកវិញ និងឱ្យថៃគោរពបទឈប់បាញ់ដោយស្មោះត្រង់។​ នេះបេី​តាមការលើកឡើងតាមរយៈការសរសេរលើហ្វេសប៊ុក របស់លោក​បណ្ឌិត​ គិន​ ភា នៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។

លោកបណ្ឌិត គិន ភា បានចែករំលែកបន្តពីលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជុំវិញជំនួបរវាងរដ្ឋមន្ត្រីក្រសួងការបរទេសចិន ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងថៃ។ លោកបណ្ឌិត គិន ភា ថា ប្រទេសចិន ដើរតួនាទីសំខាន់ណាស់ក្នុងការរក្សាសន្តិភាព និងស្ថេរភាពតំបន់ រួមទាំងសកលលោកទាំងមូល។ ហេតុនេះ លោកបណ្ឌិត សង្ឃឹមថា ចិន នឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជំរុញឱ្យថៃដោះលែងកងទ័ពខ្មែរ ដែលថៃចាប់ទៅដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាន និងជំរុញឱ្យថៃគោរពបទឈប់បាញ់ដោយភាពស្មោះត្រង់ដូចគ្នា។

លោកបណ្ឌិត បញ្ជាក់ថា៖ “ប្រជាជនកម្ពុជា ក្នុងនាមជាមិត្តភក្តិដ៏ស្មោះត្រង់របស់ប្រទេស និងប្រជាជនចិន សង្ឃឹមថា ចិននឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងការជំរុញឱ្យកងទ័ពថៃដោះលែងកងទ័ពកម្ពុជាដែលពួកចាប់ជំរត់ និងឃុំខ្លួនដោយខុសច្បាប់ត្រឡប់មកវិញ និងជំរុញឱ្យយោធាថៃគោរពដោយស្មោះត្រង់និងពេញលេញនូវបទឈប់បាញ់និងស្មាតីនៃកិច្ចប្រជុំ GBC ដើម្បីធ្វើឱ្យមានស្ថិរភាពនិងសន្តិភាពឡើងវិញនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ”។
គួររម្លឹកថា ទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗ។ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ មានរយៈពេល១៧ថ្ងៃហើយ ដែលថៃមិនទាន់ដោះលែងកងទ័ពខ្មែរ ១៨រូបត្រឡប់មកវិញឡើយ។

សូមជម្រាបថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ជួបពិភាក្សាជាមួយលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន។ បើតាមការផុសរបស់លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងឱកាស ជួបជាមួយកម្ពុជា លោក វ៉ាង យី ថា ចិន និងកម្ពុជា គឺជាមិត្តដែកថែប និងជាសហគមន៍វាសនារួមគ្រប់រដូវកាល តែងតែគាំទ្រនិងជួយគ្នាទៅវិញទៅមក។ ភាគីចិនគាំទ្រកម្ពុជាក្នុងការរក្សាស្ថិរភាពនយោបាយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងក្នុងការរក្សាស្ថិរភាពនយោបាយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

បន្ថែមពីនេះ ចិន ក៏គាំទ្រកម្ពុជា-ថៃ ដោះស្រាយបញ្ហាជាមួយគ្នា និងស្តារទំនាក់ទំនងឡើងវិញ។ ចិន ក៏គាំទ្រភាគីទាំងពីរអនុវត្តទាំងស្រុងនូវកុងសុងស៊ីសដែលកំណត់នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងការពង្រឹងស្ថានភាពបទឈប់បាញ់ ផងដែរ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print