ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន Royal Trust Trading Co., Ltd (RTT) នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៥ម្សិលមិញនេះ បានចាប់ផ្ដើមនាំចេញផលិតផលកសិកម្មលើកដំបូងទៅប្រទេសអូស្ត្រាលីចំនួន ១២តោន ដែលមានគ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ខ្នុរស្ងួត ចេក និងនំត្រាវ។
ប្រភពដដែលបន្តថា តាមការគ្រោងទុក ការនាំចេញផលិតផលកសិកម្មទៅប្រទសអូស្ត្រាលីបន្តបន្ទាប់ទៀតនឹងមានចំនួនកើនឡើង និងមានផលិតផលកសិកម្មកាន់តែច្រើន។
បើតាមការបញ្ជាក់ពីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម លោក សំហេង បូរ៉ា បានថ្លែងថា ការដឹកជញ្ជូនផលិតផលកសិកម្មទៅប្រទេសអូស្រ្តាលីជាលើកដំបូង របស់ក្រុមហ៊ុន Royal Trust Trading ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន ខណៈបរិយាកាសនៃការធ្វើពាណិជ្ជកម្មក្នុងពិភពលោកមានភាពមិនច្បាស់លាស់។
ការចាប់ផ្តើមពីការធ្វើទស្សនកិច្ចសិក្សា ការគាំទ្របច្ចេកទេស ការទាក់ទងផ្ទាល់ជាមួយអ្នកទិញ និងការអនុលោមតាមបទដ្ឋានស្តង់ដារនិងគុណភាពអន្តរជាតិ ក្រុមហ៊ុន RTT បានផ្តល់ជាគំរូមួយដល់សហគ្រាសផ្សេងទៀតក្នុងការធានាបានការចូលទីផ្សារប្រកួតប្រជែងពិភពលោក។
លោក សំហេង បូរ៉ា បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងអូស្ត្រាលី ដែលពង្រីកវិសាលភាពការនាំចេញរបស់កម្ពុជា និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះពាណិជ្ជកម្មប្រកបដោយចីរភាព៕