នគរបាលស្រុកអង្គស្នួលឃាត់ខ្លួនអតីតទណ្ឌិត២នាក់ ពីបទជួញដូរថ្នាំញៀនរឹបអូសបានជិត ៥៣ក្រាម

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ ២នាក់ ដែលសុទ្ធសឹងតែជាអតីតទណ្ឌិតគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ សមត្ថកិច្ចបានរឹបអូសបានម្សៅក្រាមសង្ស័យជាគ្រឿងញៀនជិត ៥៣ ក្រាម។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៤ សីហា ២០២៥ វេលាម៉ោង ១១:៤០នាទី នៅចំណុចព្រៃក្រោយភូមិអង្គសំណាង ឃុំពើក ស្រុកអង្គស្នួល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ផេន សុភាព ភេទប្រុស អាយុ៤០ឆ្នាំធ្លាប់ជាប់មណ្ឌលស្តារនីតិសម្បទា ១លើក និងឈ្មោះ នុត វ៉ាន់នឿន ភេទប្រុស អាយុ៣៥ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារ ២ឆ្នាំកន្លះពីបទជួញដូរគ្រឿងញៀន។ ជនសង្ស័យទាំងពីរនាក់មានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+) សារធាតុញៀន។

លោកអធិការបានបន្តថា ក្រោយពីទទួលបានព័ត៌មានពីមហាជនថាមានករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំណុចកើតហេតុ កម្លាំងនគរបាលប្រឆាំងគ្រឿង ញៀនស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពើក បានចុះទៅស៊ើបអង្កេត និងបង្ក្រាបភ្លាមៗ ដោយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ ដោយដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿង ញៀនប្រភេទម៉ាទឹកកកចំនួន ១០កញ្ចប់ (មធ្យម ៤ និងតូច ៦) ដែលមានទម្ងន់សរុប ៥២,៨៧ក្រាម, ទូរស័ព្ទដៃ ៣គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន ១ និងឧបករណ៍វេចខ្ចប់មួយចំនួន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ នុត វ៉ាន់នឿន បានសារភាពថា ថ្នាំញៀនរបស់ខ្លួនចំនួន ៨កញ្ចប់ (មធ្យម ៤ និងតូច ៤) គឺបានទិញពីមុខសញ្ញាមិនស្គាល់ ឈ្មោះនៅខេត្តកំពង់ស្ពឺក្នុងតម្លៃ ៣លានរៀល ដើម្បីយកមកលក់បន្តនិងប្រើប្រាស់។ ចំណែកជនសង្ស័យឈ្មោះ ផេន សុភាព ក៏បានសារភាពថា ថ្នាំញៀនរបស់ខ្លួនចំនួន ២កញ្ចប់តូច គឺបានទិញពីបុរសម្នាក់ឈ្មោះ ហុង សានទិ (២៨ឆ្នាំ) ក្នុងតម្លៃ ៣០.០០០រៀល សម្រាប់យកមកប្រើ ប្រាស់។

...

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print