បទវិភាគ៖ ជម្លោះកម្ពុជា–ថៃ និងយុទ្ធសាស្ត្រការទូតរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ជម្លោះព្រំដែនកម្ពុជា–ថៃ កំពុងបង្ហាញពីភាពខុសគ្នាយ៉ាងច្បាស់រវាងយុទ្ធសាស្ត្រនយោបាយ និងការទូតរបស់ប្រទេសទាំងពីរ។ ខណៈពេលដែលប្រទេសថៃបានកំពុងប្រើយុទ្ធសាស្ត្រ “កម្លាំង” និងចង់កំណត់យុទ្ធសាស្ត្រ “ចរចា” ទៅក្នុងទម្រង់ទ្វេភាគី ដើម្បីទប់ស្កាត់ការចូលរួមពីភាគីទីបី ខណៈឯកម្ពុជាវិញជ្រើសរើសយកយុទ្ធសាស្ត្រការទូត ដោយផ្អែកលើ “ច្បាប់អន្តរជាតិ” និង “សន្តិភាព”  ជាឧបករណ៍សំខាន់ក្នុងការទប់ទល់ល្បិចក្រឡិចក្រឡុចរបស់ថៃ។

ជម្លោះមួយតែងតែទាមទារពេលវេលាដោះស្រាយ ប៉ុន្តែរបៀបដែលកម្ពុជាប្រើគឺការគោរព បទឈប់បាញ់ និងជៀសវាងការប្រឈមមុខគ្នាដោយអាវុធដែលបណ្តាលឲ្យប្រទេសទាំងពីររងការខូចខាត ដែលនេះបង្ហាញឲ្យឃើញពីភាពចាស់ទុំពិតប្រាកដរបស់កម្ពុជា ហើយក៏ជាការផ្លាស់ប្តូរយុទ្ធសាស្ត្រងាកចេញពីការប្រយុទ្ធគ្នាដោយប្រើកម្លាំង ទៅកាន់សមរភូមិមួយដែលប្រើច្បាប់ និងការទូតជំនួសវិញ។

ការណ៍នេះគឺផ្ទុយពីប្រទេសថៃដែលមានចំណង់ក្នុងចិត្តយ៉ាងច្បាស់ក្នុងការកំណត់យុទ្ធសាស្ត្រជម្លោះនេះឱ្យស្ថិតនៅក្នុងក្របខណ្ឌ “ទ្វេភាគី” ដើម្បីអាចគ្រប់គ្រងនិងដាក់សម្ពាធមកលើកម្ពុជា។ រីឯកម្ពុជាវិញ បានកំណត់យកយុទ្ធសាស្ត្រមួយគឺត្រូវតែមានការចូលរួមពាក់ព័ន្ធពីភាគីទី៣ ដើម្បីទប់ទល់ជាមួយភាពក្រឡិចក្រឡុចរបស់ថៃ ដោយក្នុងពេលថ្មីៗនេះកម្ពុជាបានស៊ូទ្រាំអត់ធ្មត់ មិនតបតនិងភាពគឃ្លើន និងការរំលោភបំពានទាំងកម្រោលរបស់ថៃ តែកម្ពុជាបានកំណត់គោលការណ៍និងយុទ្ធសាស្ត្រច្បាស់លាស់ក្នុងនាមជាប្រទេសដែលមានបទពិសោធន៏ជោគជាំដោយសង្គ្រាមរ៉ាំរៃអស់ជាច្រើនទសវត្សកន្លងមក។

ការរក្សាជំហរយ៉ាងតឹងរឹងដោយផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា ជាកត្តាសំខាន់និងជាអាវុធដ៏មានទំងន់ដើម្បីទប់ទល់ជាមួយចរិកព្រៃរបស់យោធាឈ្លានពានថៃ។ ក្នុងន័យនេះ បើថៃប្រើ “ច្បាប់ព្រៃ” មកលើកម្ពុជា កម្ពុជានិងប្រើ “ច្បាប់អន្តរជាតិ” ដើម្បីកំដរលេងល្បែងជាមួយច្បាប់ព្រៃរបស់ថៃ និងបង្ហាញពីភាពត្រឹមត្រូវ និងទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ពេលនោះពិភពលោកប្រាកដជានៅខាងកម្ពុជា ព្រោះលើពិភពលោកនេះ ច្បាប់ត្រូវបានគេតាក់តែងមកសម្រាប់រកយុត្តិធម៌និងបញ្ជាក់ពីភាពស្អាតស្អំរបស់ជនរងគ្រោះដូចកម្ពុជា។ ភាពចាស់ទុំខាងផ្នែកយុទ្ធសាស្ត្រ នយោបាយនិងការទូតរបស់កម្ពុជា ដោយមិនឆ្លើយតបជាមួយភាពគឃ្លើនរបស់យោធាថៃដែលប្រើអារម្មណ៏យកមកដោះស្រាយបញ្ហាជាតិតាមរយៈអារម្មណ៍ ដើម្បីគ្រាន់តែជាការចង់បានមុខមាត់ និងផ្គាប់ចិត្តប្រជាជនថៃមួយចំនួនតូចដើម្បីប្រជាប្រិយភាពនៅលើបណ្តាញសង្គមនោះទេ ខណៈពេលនេះកម្ពុជាកំពុងប្រើច្បាប់ដើម្បីដាក់សម្ពាធលើយោធាថៃ។ វាជាការប្រើ “យុទ្ធសាស្រ្តការទូត” ដើម្បីទប់ទល់នឹង “យុទ្ធសាស្រ្តកម្លាំង” របស់យោធាថៃ។

កម្ពុជាកំពុងបង្ហាញខ្លួនក្នុងភាពជាអ្នកដឹកនាំ និងមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការទប់ទល់នឹងយុទ្ធសាស្ត្រប្រើកម្លាំង របស់មេទ័ពភូមិភាគ២របស់ថៃ តាមរយៈសម្ដីគំរាម ដែលគឺជាភាសាដែលចាត់ទុកថាជាការ “បំពានច្បាប់” និង  “រំលោភបទឈប់បាញ់” ក្រោមក្រសែភ្នែកអន្តរជាតិ ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិតីអាមេរិកលោក Donald Trump ដោយមានការសម្របសម្រួលពីលោក Anwar Ibrahim នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ចិន និងភាគីពាក់ព័ន្ធជាច្រើនផ្សេងទៀត។

ជម្រើសសំខាន់របស់កម្ពុជា គឺរក្សាសន្តិភាព ជៀសវាងការបង្ហូរឈាម ហើយបង្ហាញនូវភាពជាប្រទេសដែលស្រឡាញ់សុខសន្តិភាព និងមិនចង់បង្កជម្លោះ។ ជំហរនេះកំពុងជួយកម្ពុជាបង្កើនទំងន់ និងដាក់សម្ពាធលើប្រទេសថៃ និងយោធាថៃក្រោមក្រសែភ្នែកសហគមន៍អន្តរជាតិ។

ជម្លោះនេះបង្ហាញថា កម្ពុជាកំពុងប្រើ ច្បាប់អន្តរជាតិ និងការទូត ជាឧបករណ៍ដ៏សំខាន់ក្នុងការទប់ទល់នឹងយុទ្ធសាស្ត្រនៃការប្រើកម្លាំងរបស់ថៃ។ ការរក្សាសន្តិភាព ការអត់ធ្មត់ និងការទាក់ទាញភាគីទីបី មកចូលរួមដោះស្រាយជម្លោះគឺជាកត្តាដែលអាចបំប្លែងអំណាចរបស់កម្ពុជា នៅលើវេទិការអន្តរជាតិ និងផ្លាស់ប្តូរទិសដៅជម្លោះពីការប្រើអាវុធ ទៅកាន់ការប្រើច្បាប់ និងសង្គមនយោបាយ៕

ដោយ៖ លោក ពិន វិជ័យ (អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print