មុនវាយចូលគ្រប់គ្រងទីក្រុងកាហ្សា យោធាអ៉ីស្រាអែល ត្រៀមជម្លៀសប្រជាជនប៉ាឡេស្ទីន ទៅភាគខាងត្បូង

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា កាលពីថ្ងៃសៅរ៍ ទី១៦ ខែសីហា យោធាអ៉ីស្រាអែលបានប្រកាសថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា នឹងទទួលបានតង់ស្នាក់នៅព្រមទាំងសម្ភារផ្សេងៗទៀត ចាប់ផ្តើមពីថ្ងៃអាទិត្យនេះ មុនការជម្លៀសពួកគេចេញពីតំបន់ប្រយុទ្ធទៅកាន់ភាគខាងត្បូងនៃដែនដីនេះ ក្រោមការអះអាងថា ដើម្បីធានាសុវត្ថិភាពរបស់អ្នកទាំងនោះ។

ការប្រកាសនេះ គឺនៅប៉ុន្មានថ្ងៃបន្ទាប់ពីអ៉ីស្រាអែល បាននិយាយថា ខ្លួនបានបំណងបើកប្រតិបត្តិការវាយលុកថ្មី ដើម្បីចូលកាន់កាប់ទីក្រុង Gaza City នៅភាគខាងជើង ដែលជាទីក្រុងធំបំផុតរបស់តំបន់ហ្កាហ្សា។ ផែនការរបស់អ៉ីស្រាអែល បានបង្កក្តីបារម្ភជាខ្លាំង ក្នុងចំណោមសហគមន៍អន្តរជាតិ ជុំវិញជោគវាសនារបស់តំបន់ហ្កាហ្សា ដែលបានរងការបំផ្លិចបំផ្លាញហិនហោចដោយសារសង្រ្គាម និងជាកន្លែងជ្រកកោនរបស់ជនជាតិប៉ាឡេស្ទីនសរុបប្រហែល២.២លាននាក់។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុន នាយករដ្ឋមន្រ្តីអ៉ីស្រាអែល បាននិយាយថា មុនបើកប្រតិបត្តិការវាយលុកថ្មី ជនស៉ីវិលទាំងអស់នឹងត្រូវជម្លៀសទៅកាន់កន្លែងដែលលោកហៅថា តំបន់សុវត្ថិភាព ចេញពីទីក្រុង Gaza City ដែលរូបលោកអះអាងថា ជាសំបុកចុងក្រោយរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស។
គួរបញ្ជាក់ថា អ្នកនាំពាក្យការិយាល័យកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) បានបង្ហាញក្តីបារម្ភ ជុំវិញផែនការរបស់អ៉ីស្រាអែល ក្នុងការផ្លាស់ទីប្រជាជនទៅកាន់ភាគខាងត្បូងតំបន់ហ្កាហ្សា ដោយនិយាយថា វានឹងមានតែបង្កើនទុក្ខវេទនាសម្រាប់ពួកគេប៉ុណ្ណោះ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ UN ក៏បានព្រមានដែរថា ជនជាតិប៉ាឡេស្ទីនរាប់ពាន់គ្រួសារ ដែលកំពុងទទួលរងស្ថានភាពមនុស្សធម៌ដ៏អាក្រក់រួចស្រេចទៅហើយ អាចនឹងត្រូវរុញច្រានទៅដល់មាត់ជ្រោះតែម្តង ប្រសិនបើផែនការវាយគ្រប់គ្រងទីក្រុង Gaza City ពិតជាត្រូវបានអនុវត្ត។ មន្រ្តីប៉ាឡេស្ទីននិង UN ធ្លាប់បានលើកឡើងថា គ្មានកន្លែងដែលសុវត្ថិភាពទៀតឡើយ នៅហ្កាហ្សាស្រ្ទីប រាប់បញ្ចូលទាំងតំបន់នៅភាគខាងត្បូង ជាទីដែលអ៉ីស្រាអែលបាននិងកំពុងបង្គាប់ឱ្យប្រជាជនប៉ាឡេស្ទីនផ្លាស់ទីទៅកាន់៕

...

រូបថត​: X

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print