ខេត្តបាត់ដំបង៖ ជនសង្ស័យគ្រឿងញៀនសរុបចំនួន ២៩នាក់ ត្រូវបានបង្រ្កាបឃាត់ខ្លួនពីកម្លាំងនគរបាលស្រុកថ្មគោល ខណៈដែលជនសង្ស័យគ្រឿងញៀនទាំងនោះបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋានយ៉ាងគគ្រឹកគគ្រេងបង្កឲ្យពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះមានភាពភ័យខ្លាច។
ប្រតិបត្តិការឆ្មក់ចូលបង្រ្កាបសំបុកគ្រឿងញៀនពីកម្លាំងនគរបាលស្រុកថ្មគោល ធ្វើឡើងប្រើប្រាស់រយៈពេល ២១ម៉ោង និងកម្លាំងនគរបាលជាច្រើននាក់។ ចាប់ផ្តើមពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០១ ខែកញ្ញា រហូតដល់ម៉ោង៨ ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបន្ទាយមានជ័យ។
កម្លាំងនគរបាលធ្វើការត្រួតពនិត្យឆែកឆេរដកហូតបានថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន១៦កញ្ចប់ស្មើនិងទម្ងន់ ១០៣,២៩ក្រាម ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង ដាវសាមូរ៉ៃ១ដើម កាំភ្លើងខ្យល់កែច្នៃបាញ់គ្រាប់កង់ អាចបង្កឲ្យមនុស្សស្លាប់១ដើម កន្រ្តៃចំនួន២ម៉ូតូ១៦គ្រឿង ស្លាកលេខម៉ូតូ១ និងឧបករណ៍សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។
លោកវរសេនីយ៍ត្រី ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល ប្រាប់ឲ្យដឹងថា កម្លាំងនគរបាលចុះបង្រ្កាបទីតាំងជួញដូរថ្នាំញៀនស្ថិតនៅចំណុចខាងលើបានសម្រេចនៅពេលនេះ ក្រោយពីមានការសហការពីប្រជាពលរដ្ឋល្អរាយការណ៍មកលោកផ្ទាល់អំពីសកម្មភាពក្រុមជនសង្ស័យគ្រឿងញៀនបាននិងកំពុងតែប្រព្រឹត្តបទល្មើសគ្រឿងញៀនយ៉ាងគគ្រឹកគ្រេង ។ បន្ទាប់មកលោកក៏សុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំកម្លាំងចុះបង្រ្កាបក្រុមជនសង្ស័យគ្រឿងញៀនតែម្តង ការបង្រ្កាបនោះ មេខ្លោងធំដែលជាអ្នកផ្គត់ផ្គង់គ្រឿងញៀន ផ្តល់ទីតាំងលក់ចែកចាយនិងប្រើប្រាស់ បានរត់គេចខ្លួនបាត់មេខ្លោងធំនោះមានឈ្មោះ សឿម សីកូ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ។
លោកអធិការប្រាប់ឲ្យដឹងទៀតថា ជនសង្ស័យគ្រឿងញៀនទាំង២៩នាក់ ក្នុងនោះមានមុខសញ្ញាជួញដូរថ្នាំញៀន៣នាក់ និងមុខសញ្ញាប្រើប្រាស់ចំនួន២៦នាក់ ។
ជនសង្ស័យជួញដូរថ្នាំញៀនទាំង៣នាក់ទី១-ឈ្មោះ ឈុន សុផល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចបកាប់ ឃុំអន្លង់រុណ ស្រុកថ្មមគោល ទី២-ឈ្មោះ វិន វឌ្ឍនា ភេទប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល និងទី៣-ឈ្មោះ តែ ប៊ុន លៀង ភេទប្រុស អាយុ៣៦ឆ្នាំរស់នៅក្នុងភូមិអូរតាគាំ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ជនសង្ស័យគ្រឿងញៀនខាងលើនៅថ្ងៃនេះកំពុងស្ថិតក្នុងការសាកសួររបស់កម្លាំងការិយាល័យជំនាញខេត្តមុននិងបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។
ពាក់ព័ន្ធគ្រឿងញៀននេះដែរកាលពីកន្លងទៅថ្មីៗនេះ កម្លាំងនគរបាលខេត្តបាត់ដំបង ក៏បានធ្វើការបង្រ្កាបមុខសញ្ញាជនសង្ស័យមេខ្លោងជួញដូរគ្រឿងញៀន២នាក់ផងដែរធ្វើឡើងនៅស្រុកភ្នំព្រឹក និងក្រុងនៅក្រុងបាត់ដំបង ក្នុងនោះដកហូតបានថ្នាំញៀនមួយចំនួនធំ។
សូមបញ្ជាក់ថា ខេត្តបាត់ដំបងត្រូវគេមើលឃើញថា បានដាក់ចេញនូវផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាការអនុវត្តដើម្បី រក្សាឲ្យបានសុវត្ថិភាព នៃភូមិ-ឃុំ-សង្កាត់ ដោយមានការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបងក្នុងការជម្រុញនិងរិតបន្តឹងទៅលើវិធានការបង្ការទប់ស្កាត់ បង្រ្កាបគ្រឿងញៀនឲ្យមានប្រសិទ្ធភាពខ្ពស់ ។
គ្រឿងញៀនត្រូវគេនិយាយថា ជាផ្នែកមូយបង្កឲ្យកើតមានបទល្មើសលួច ឆក់ ប្លន់ ប្រើអំពើហិង្សាជាដើមនោះ៕
ដោយ៖ សំ វិច្ឆិកា