មនុស្ស 3 នាក់បានស្លាប់ និង 9 នាក់រងរបួសនៅក្នុងការបាញ់ប្រហារដែលសង្ស័យថាពាក់ព័ន្ធនឹងក្រុមក្មេងទំនើងនៅក្លឹបរាត្រី Taste ក្នុងទីក្រុង Brooklyn ទីក្រុងញូវយ៉ក។
ប៉ូលីសក្រុងញូវយ៉កបានទទួលរបាយការណ៍នៃការបាញ់ប្រហារនៅ Taste of the City Lounge នៅលើ Franklin Avenue ក្នុងសង្កាត់ Crown Heights នៅម៉ោង 3:27 ទៀបភ្លឺថ្ងៃទី 17 ខែសីហា(ម៉ោងក្នុងតំបន់)។
ប៉ូលីសបានមកដល់ក្នុងរយៈពេលប៉ុន្មាននាទី ខណៈដែលហ្វូងមនុស្សភ័យស្លន់ស្លោបានហូរចេញពីក្លឹប។ សាក្សីនៅកន្លែងកើតហេតុបាននិយាយថា៖ «ខ្ញុំបានឃើញពន្លឺភ្លើងដែលបាញ់ចេញមក ហើយខ្ញុំក៏ចុះទៅក្រោមតុភ្លាម ហើយចេញទៅក្រៅ»។
សាក្សី Rajawn Phillips បាននិយាយថា គាត់បានឃើញហ្វូងមនុស្សប្រញាប់ប្រញាល់ចេញ ហើយមិត្តភ័ក្តិអាយុ ៣៥ ឆ្នាំដែលនៅជាមួយគាត់បានស្លាប់បន្ទាប់ពីត្រូវបានគេបាញ់។ Phillips បាននិយាយថា៖ «គាត់មកទីនេះដើម្បីរាំសប្បាយបន្ធូរអារម្មណ៍មិនស្លាប់ទេ»។
ស្នងការប៉ូលិសក្រុងញូវយ៉ក លោក Jessica Tisch បាននិយាយថា ការបាញ់ប្រហារនេះ បានបណ្តាលឲ្យមនុស្ស ៣នាក់ ដែលមានអាយុចន្លោះពី ១៩ ទៅ ៣៥ឆ្នាំស្លាប់។ មនុស្ស៩នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ ប៉ូលិសបានរកឃើញសំបកគ្រាប់ចំនួន ៤២ សំបក និងកាំភ្លើងមួយចំនួន។
យោងតាមការស៊ើបអង្កេតបឋម ការបាញ់ប្រហារនេះកើតចេញពីការឈ្លោះប្រកែកគ្នានៅក្នុងក្លឹបរាត្រីដែលមានមនុស្សច្រើនកុះករ ដែលគេជឿថាមានពាក់ព័ន្ធនឹងក្រុមក្មេងទំនើង។ ប៉ូលីសជឿថាខ្មាន់កាំភ្លើង 4 នាក់បានជាប់ពាក់ព័ន្ធ ប៉ុន្តែគេមិនទាន់ច្បាស់ថាតើពួកគេស្ថិតក្នុងចំណោមអ្នកស្លាប់ ឬរងរបួសនោះទេ។
អភិបាលក្រុងញូវយ៉ក លោក Eric Adams បារម្ភថា ការបាញ់ប្រហារអាចបង្កឱ្យមានការវាយប្រហារសងសឹក។ ទីក្រុងបានដំណើរការអង្គភាពឆ្លើយតបវិបត្តិសហគមន៍របស់ខ្លួន។
លោក Adams បាននិយាយដោយសង្កត់ធ្ងន់លើគោលដៅនៃការបង្ក្រាបកាំភ្លើងថា៖ «អំពើហិង្សាដោយកាំភ្លើងនៃទំហំនេះពិតជាធ្វើឲ្យសហគមន៍ និងទីក្រុងភ័យខ្លាច»។
ប៉ូលីសក្រុងញូវយ៉កបាននិយាយថា 60 ភាគរយនៃការបាញ់ប្រហារនៅក្នុងទីក្រុងគឺពាក់ព័ន្ធនឹងក្រុមក្មេងទំនើង។ នេះជាការបាញ់ប្រហារលើកទីពីរនៅញូវយ៉កថ្មីៗនេះ។ កាលពីចុងខែកក្កដា ខ្មាន់កាំភ្លើងម្នាក់បានសម្រុកចូលអគារការិយាល័យក្នុងទីក្រុង Manhattan ដោយបានបាញ់សម្លាប់មនុស្សបួននាក់ដោយកាំភ្លើង៕
រូបថត: vnexpress