សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសឱ្យដឹងថា រូបលោកបានធ្វើដំណើរមកដល់ទីក្រុងវ៉ាស៉ីនតោនហើយ កាលពីយប់ថ្ងៃអាទិត្យ ទី១៧ ខែសីហា នៅមុនកិច្ចពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ភាគីទាំងអស់ចង់ស្វែងរកការបិទបញ្ចប់ឆាប់រហ័ស ចំពោះសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន ហើយលោកបានអំពាវនាវឱ្យមានសន្តិភាពមួយ ដែលឋិតថេរយូរអង្វែង។ លោក ហ្សេលេនស្គី នឹងត្រូវបើកកិច្ចប្រជុំជាមួយលោក ត្រាំ នៅឯសេតវិមាននាថ្ងៃចន្ទ ទី១៨ ខែសីហា (ពេលវេលានៅទីក្រុងវ៉ាស៉ីនតោន)។
បើតាមសេតវិមាន នៅថ្ងៃចន្ទ ជាដំបូង លោក ត្រាំ នឹងជួបទ្វេភាគីជាមួយលោក ហ្សេលេនស្គី នាម៉ោង១រសៀល ក្នុងការិយាល័យ Oval Office របស់សេតវិមាន ហើយបន្ទាប់មក នឹងបើកកិច្ចពិភាក្សារួមគ្នាជាមួយក្រុមមេដឹកនាំអឺរ៉ុបតែម្តង មានដូចជាមេដឹកនាំបារាំង អង់គ្លេស អាល្លឺម៉ង់ អ៉ីតាលី EU និង NATO នៅបន្ទប់ East Room នាម៉ោងខ្ទង់៣រសៀល។
កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ លោក ត្រាំ បានបើកកិច្ចប្រជុំកំពូលទ្វេភាគី ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដើម្បីជជែកអំពីសង្រ្គាមនៅអ៊ុយក្រែន ហើយភ្លាមៗបន្ទាប់ពីជំនួបនោះ លោកប្រធានាធិបតីអាមេរិក បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពគួរតែត្រូវសម្រេចបានឱ្យឆាប់ៗ ដើម្បីបិទបញ្ចប់សង្រ្គាមអូសបន្លាយរយៈពេល ៤២ខែមកហើយនេះ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងធ្វើឱ្យរាប់លាននាក់ផ្សេងទៀតព្រាត់ប្រាសពីផ្ទះសម្បែង៕
រូបថត: tienphong