ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ឱ្យដឹងថា ៖ ស្ថានការនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានភាពស្ងប់ស្ងាត់ក្រោយពីមានការគោរពបទឈប់បាញ់រវាងភាគីទាំងពីរ ដែលមានភាពអំណោយផលឈានទៅរកសន្តិភាពនិងប្រក្រតីភាពនៃប្រទេសទាំងពីរឡើងវិញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការរណៈរដ្ឋមន្ត្រីលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា ប្រជាពលរដ្ឋ កងទ័ព និងរាជរដ្ឋាភិបាលរួបរួមគ្នាជាឆ្លងមួយ ក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់បំផុត។ លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ថា៖ «ការអនុវត្តបទឈប់បាញ់ របស់ភាគីទាំងសងខាង នឹងធ្វើឱ្យបរិយាកាសមានភាពអំណោយផលឆ្ពោះទៅរកសន្តិភាព វិថីភាពប្រក្រតីភាព រវាងប្រទេសទាំងពីរដែលមិនត្រឹមជាអ្វីគ្រប់ប្រជាជនទាំងពីរចង់បាននោះទេ។ លើសពីនេះ ដែលប្រទេសលើពិភពលោកក៏ចេញសារសម្ដែងការសាទរចំពោះការអនុវត្តបទឈប់បាញ់របស់ប្រទេសទាំងពីរផងដែរ»។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិបែបនេះ ខណៈពេលដែលនៅតាមបន្ទាត់ព្រំដែននៅក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងកម្ពុជានៅតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
លោកស្រីអ្នកនាំពាក្យក្រសួងការពារជាតិបានបន្ថែមថា ទាំងក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលនៅតែទទូចឱ្យថៃគោរពច្បាប់ធម្មនុញ្ញអន្តរជាតិនិងធម្មនុញ្ញអាស៊ានព្រមទាំងឆាប់ប្រគល់កងទ័ពកម្ពុជាទាំងដប់១៨រូប ដែលទាហានថៃចាប់ខ្លួនកាលពីព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ កន្លងមក ដើម្បីឱ្យពួកគេឆាប់បានមកជួបក្រុមគ្រួសារដែលកំពុងទន្ទឹងរង់ចាំទាំងថ្ងៃទាំងយប់៕
ប្រភព ៖ ក្រសួងព័ត៌មាន