អ៊ុយក្រែនបានចេញបញ្ជាចាប់រដ្ឋមន្ត្រីក្រសួងការពារជាតិនិងមន្ត្រីជាន់ខ្ពស់១៧រូបផ្សេងទៀតពីបទបំផ្លាញសន្តិសុខជាតិអ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងការពារជាតិ រុស្ស៊ីលោក Sergey Shoigu កំពុងប្រឈមនឹងច្បាប់តាមចាប់ខ្លួនរបស់តុលាការទីក្រុងគីវ ដោយសារតែបានបំផ្លាញដល់សន្តិសុខស្ថេរភាពអ៊ុយក្រែន។
នៅក្នុងសេចក្តីប្រកាសរបស់តុលាការបានបញ្ជាក់ថា «មិនត្រូវរក្សាឃុំខ្លួនមនុស្សដែលត្រូវចាប់លើសពី៣៦ម៉ោង ឬប្រគល់ទៅឲ្យក្រុមស្រាវជ្រាវ»។ ដីការចាប់ខ្លួននោះមានប្រសិទ្ធិភាពរហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ។
កាលពីថ្ងៃទី២២ ខែសីហា ចៅក្រមយោធាអ៊ុយក្រែន បានចាប់ផ្តើមចោទប្រកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី លោក Shoigu និងមន្ត្រីជាន់ខ្ពស់ ១៧រូបផ្សេងទៀត ដោយចោទប្រកាន់ថា បានប្រឆាំង និងសន្តិសុខជាតិរុស្ស៊ី ។ នៅក្នុងបញ្ជីត្រូវចាប់ខ្លួនក្រៅពីរដ្ឋមន្ត្រីក្រសួងការពារជាតិនៅមានលោក Sergey Clazyev ទីព្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីរុស្ស៊ី ព្រមទាំងឧប្បការីប្រធានាធិបតីទទួលបន្ទុកតំបន់គ្រីមៀទៀតផង។
រុស្ស៊ី និងអ៊ុយក្រែន កំពុងប្រឈមមុខតានតឹងដាក់គ្នាយ៉ាងខ្លាំងអាចឈានដល់សង្គ្រាមនឹងគ្នា ក្រោយពេលរុស្ស៊ីបានសម្រេចដាក់តំបន់ក្រីមៀ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីកាលពីខែមីនា ឆ្នាំ២០១៤ និងគាំទ្រឲ្យមានការផ្តាច់ខ្លួននៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនទៀតផង។
ស្ថានភាពកាន់តែតានតឹងក្រោយពេលដែលរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា បានបញ្ជូនក្រុមចារកម្មទៅវាយប្រហារបំផ្លាញសន្តិសុខគ្រីមៀ ប៉ុន្តែអ៊ុយក្រែន បានច្រានចោលការចោទប្រកាន់ខាងលើ៕
ប្រែសម្រួល៖ ម៉ែវ សាធី