ខេត្តកំពង់ធំ៖ ជារៀងរាល់ថ្ងៃខណ្ឌរដ្ឋបាលជលផលកំពង់ធំ តែងតែបង្ហោះតាមបណ្តាញហ្វេសប៊ុកពីសកម្មភាពបង្រ្កាប បទល្មើសនេសាទតែផ្ទុយទៅវិញគឺជាសកម្មភាពបោកបញ្ឆោតនិងធ្វើរបាយការណ៍ភូតកុហកថ្នាក់លើប៉ុណ្ណោះតែភាពជាក់ស្តែងបទល្មើសនេសាទបានកើតឡើងពេញបន្ទុក ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ ។
បទល្មើសនេសាទដែលត្រូវបានប្រទះឃើញរាប់ពាន់កន្លែងកាលពីរសៀលថ្ងៃ ទី១ ខែកញ្ញាឆ្នាំ២០១៦ ស្ថិតនៅចំណុចកោះ តាបរអន្លុងផ្សោត និងព្រែកឆ្កោក ដែលសុទ្ធតែបទល្មើសសាច់ក្រហម និងអ៊ុយ ព្រមទាំងលបឡុក ដែលមានប្រវែងមួយកន្លែងស្មើនឹង៣.០០០ម៉ែត្រទៅ៤.០០០ ម៉ែត្រ ។ បទល្មើសទាំងនេះដោយសារតែមានការបើកភ្លើងខៀវ ពីលោក ព្រុំ សុខឿន នាយសង្កាត់រដ្ឋបាលជលផលផាត់ សណ្តាយ និងលោក ស៊ិនសុភី ហៅ ប្រុស នាយរងសង្កាត់ ។
បទល្មើសនេសាទរាប់ពាន់កន្លែង ស្ថិត ក្នុងឃុំផាត់សណ្តាយលោក ព្រុំ សុខឿន នាយសង្កាត់ផាត់សណ្តាយអសមត្ថភាព ក្នុងការបង្រ្កាបដែលត្រូវបានគេដឹងថាអ្នកប្រព្រឹត្តបទល្មើសនេសាទបានត្រូវរ៉ូវគ្នាជា មួយសមត្ថកិច្ច ។ ចំណែកនាយខណ្ឌរដ្ឋបាលជលផលកំពង់ធំប្រហែលជាកើតជំងឺជាប់ត្រគាកងាកខ្លួនមិនរួចចងមុងស្តាប់តែរបាយ ការណ៍ថ្នាក់ក្រោមភូតភរកុហកមិន ព្រម ចុះទៅមើលជាក់ស្ដែងទេ ។
ពាក់ព័ន្ធនឹងការបើកភ្លើងខៀវឲ្យមាន បទល្មើសនេសាទនេះអ្នកយកព័ត៌មាន មិនអាចទាក់ទងលោក ព្រុំ សុខឿន នាយ សង្កាត់ និងលោកស៊ិន សុភី ហៅ ប្រុសនាយរងសង្កាត់បានទេ ដោយសារទូរស័ព្ទចូលជា ច្រើនដងតែពុំមានអ្នកទទួលជាហេតុធ្វើឲ្យមានការសង្ស័យថាលោកនាយសង្កាត់ និងនាយរងព្រមទាំងនាយខណ្ឌរដ្ឋបាលជល ផលកំពង់ធំ បានទទួលលាភសក្ការៈយ៉ាង សើមមាត់សើមក ។
លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំបានឲ្យដឹងថា បើមានបទល្មើសមែនចាំខ្ញុំឲ្យគេទៅបង្រ្កាបឥឡូវ ។ ការ លើកឡើងរបស់លោកប៉ែន វណ្ណរិទ្ធ បែបនេះ ក៏ព្រោះតែលោកចាំតែយករូបភាពឬយក របាយការណ៍តាមប្រព័ន្ធធាតុអាកាស របស់កូនចៅទើបមិនដឹងមានបទល្មើស ។ ទោះជាយ៉ាងណាមហាជនទូទៅរង់ចាំមើលចំណាត់ការរបស់លោកនិងសមត្ថកិច្ចក្នុងការបង្រ្កាបបទល្មើស ៕
ដោយ៖ ប៊ុន រិទ្ធី