រដ្ឋាភិបាលមីយ៉ាន់ម៉ា រំពឹងថា សេដ្ឋកិច្ចនឹងរីកចម្រើនក្រោយពេលដែលលើកលែងការដាក់កំហិតទៅលើការនាំចេញប្រេងឆៅ ពេជ្រ និងមាស នៅដើមឆ្នាំក្រោយនេះ ពោលគឺកាត់ចេញពីបញ្ជីទំនិញដែលត្រូវបានដាក់កំហិត។
កាលពីដើមឆ្នំាមុនរដ្ឋាភិបាលមីយ៉ាន់ម៉ា បានដកទំនិញចំនួន៥ប្រភេទចេញពី បញ្ជីទំនិញនេះក្នុងនោះរួមមានប្រភេទប្រេងនីហ្គែរ ប្រេងស្ពៃខៀវ ប្រេងផ្កាឈូករ័ត្ន ប្រេងសម្រាប់ធ្វើនំ និងសម្បកម្មបង្គារដែលត្រូវបានប្រើសម្រាប់ចំណីសត្វជាដើម។
លោក U Khin Maung Lwin អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា បានឲ្យដឹងថា សម្រាប់ឆ្នាំក្រោយនឹងមានការលើកលែងនូវការដាក់កំហិតទៅលើទំនិញដូចជា មាស ពេជ្រ និងប្រេងឆៅ បន្ទាប់ពីបានពិភាក្សាជាមួយនឹងស្ថាប័នដែលជាប់ពាក់ព័ន្ធ។
អ្នកជាប់ពាក់ព័ន្ធទាំងនោះរួមមានក្រសួងធនធានធម្មជាតិ និងបរិស្ថានសមាគម សហគ្រាសមាសមីយ៉ាន់ម៉ា សមាគមរ៉ែមីយ៉ាន់ម៉ា សមាគមសហគ្រាសត្បូង គ្រឿងអលង្ការ នាយកដ្ឋានគយ និងធនាគារកណ្តាលផងដែរ។
លោកបានបន្ថែមទៀតថា ក្រសួងនេះនឹងអនុញ្ញាតឲ្យមានការនាំចូលនិងនាំចេញទៅផលផលិតទាំងនោះ។ ប្រសិនបើក្រុមហ៊ុនមួយត្រូវបានអនុញ្ញាតឲ្យនាំចូលមាសពីបរទេស វាគួរតែត្រូវបាននាំចេញគ្រឿងអលង្ការផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី