ខេត្តកណ្ដាល៖ ស្ត្រីម្នាក់ជាភ្នាក់ងារកត់ឆ្នោតវៀតណាមខុសច្បាប់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ខណៈកំពុងអង្គុយធ្វើសកម្មភាពនៅមុខផ្ទះប្រជាពលរដ្ឋ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៧ និង៤០នាទី ថ្ងៃទី១៨ សីហា ២០២៥ នៅភូមិពាមតាឯក សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ។
ប្រភពសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឌិន ស្រីមាន ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។ ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម លោកអធិការបានបញ្ជាឲ្យកម្លាំងផ្នែកព្រហ្មទណ្ឌក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍ពាមឧកញ៉ាអុង ចុះបង្ក្រាបដល់ទីតាំងកើតហេតុ ហើយបានឃើញជន សង្ស័យកំពុងអង្គុយកត់ឆ្នោត។ ភ្លាមៗនោះ សមត្ថកិច្ចបានចូលទៅឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងមួយចំនួន។
វត្ថុតាងដែលចាប់យកបានរួមមាន៖ ទូរស័ព្ទដៃ ១គ្រឿង, ប៊ិក ២ដើម, បន្ទាត់ ១, ប្រាក់ចំនួន ៥៧.៤០០រៀល, និងក្រដាសកត់ឆ្នោតមានលេខចំនួន ២សន្លឹក។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកត់ឆ្នោតវៀតណាមរយៈពេលកន្លះខែមកហើយ ដោយក្នុង ១ថ្ងៃអាចរកប្រាក់ចំណូលបានពី ៨០.០០០រៀល ទៅ ១០០.០០០រៀល។ ជនសង្ស័យបានបន្តថា គាត់ប្រមូលលុយឲ្យទៅមេម្នាក់ (មិនស្គាល់អត្តសញ្ញាណ) ដែលតែងតែមកយកដល់កន្លែងជារៀងរាល់ថ្ងៃ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕