គ្រោះថ្នាក់រថយន្តក្រុងនៅអាហ្វហ្គានីស្ថាន សម្លាប់មនុស្សយ៉ាងតិច៧១នាក់

ចែករំលែក៖

យ៉ាងហោចណាស់មនុស្ស ៧១ នាក់បានស្លាប់នៅល្ងាចថ្ងៃទី ១៩ ខែសីហា នៅពេលដែលរថយន្តក្រុងដឹកជនចំណាកស្រុកត្រឡប់មកពីប្រទេសអ៊ីរ៉ង់បានបុកជាមួយរថយន្តដឹកប្រេង។

យោងតាមប៉ូលិសក្នុងតំបន់ និងអាជ្ញាធរខេត្តបានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងស្រុក Guzara ជាយក្រុង Herat ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យអភិបាលខេត្ត Herat លោក Mohammad Yousuf Saeedi បាននិយាយថា រថយន្តក្រុងបានចាកចេញពីច្រកព្រំដែន Islam Qala ដែលជាចំណុចឆ្លងកាត់ដ៏សំខាន់រវាងប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់ ហើយកំពុងធ្វើដំណើរទៅកាន់រដ្ឋធានីកាប៊ុល។ លោក Saeedi បានបន្ថែមថា “អ្នកដំណើរទាំងអស់គឺជាជនចំណាកស្រុកដែលទើបនឹងត្រលប់មកពីប្រទេសអ៊ីរ៉ង់”។
បើតាមសមត្ថកិច្ចស្រុកហ្គូហ្សារ៉ា មូលហេតុដំបូងគេសន្និដ្ឋានថាមកពីល្មើសល្បឿន និងអ្នកបើកបរធ្វេសប្រហែស។ រថយន្តក្រុងបានបើកទៅបុកម៉ូតូមួយគ្រឿង មុនពេលទៅបុកក្បាលរថយន្តដឹកប្រេង បណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ។ រថយន្តក្រុងទាំងមូលត្រូវបានឆេះ ខណៈរថយន្តពីរគ្រឿងទៀតនៅរាយប៉ាយនៅលើផ្លូវ។
មានតែអ្នកដំណើរបីនាក់ប៉ុណ្ណោះនៅលើឡានក្រុងបានរួចជីវិត។ មនុស្សពីរនាក់ក្នុងរថយន្តដឹកទំនិញ និងអ្នកជិះម៉ូតូពីរនាក់ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ដែរ។
ឧបទ្ទវហេតុនេះបានកើតឡើងចំពេលមានរលកដ៏ធំនៃការធ្វើមាតុភូមិនិវត្តន៍នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) យ៉ាងហោចណាស់មានជនជាតិអាហ្វហ្គានីស្ថានចំនួន 1.5 លាននាក់បានវិលត្រឡប់ពីប្រទេសអ៊ីរ៉ង់ និងប៉ាគីស្ថានចាប់តាំងពីដើមឆ្នាំ 2025 ។ ប្រទេសជិតខាងទាំងពីរបានក្លាយជាផ្ទះរបស់ជនជាតិអាហ្វហ្គានីស្ថានរាប់លាននាក់ដែលបានភៀសខ្លួនពីសង្គ្រាម និងវិបត្តិមនុស្សធម៌ ប៉ុន្តែថ្មីៗនេះបានបង្កើនសម្ពាធក្នុងការធ្វើមាតុភូមិនិវត្តន៍ជនចំណាកស្រុក៕

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print