៦ខែឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាមផ្ដល់សេវាច្រកចេញចូលតែមួយជូនពលរដ្ឋជាង២សែនសេវា!

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ មន្ត្រីច្រកចេញចូលតែមួយខេត្តកំពង់ចាមបានផ្ដល់សេវាជាង២សែនជូនប្រជាជនពលរដ្ឋ។ នេះបើយោងតាមលោក ស្រី សុភ័ក្ត្រ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងក្នុងបទសម្ភាស ជាមួយទូរទស្សន៍មហាផ្ទៃ ស្តីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត កាលពីដើមសប្ដាហ៍កន្លងទៅ។

បើតាមលោកអភិបាលរងខេត្ត ក្នុងចំណោមសេវាជាង២សែននោះ អង្គភាពច្រកចេញចូលតែមួយខេត្ត ផ្ដល់បានជាង៤ម៉ឺនសេវា ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ផ្ដល់បានជាង១សែនសេវា និងយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់ផ្ដល់បាន៧ម៉ឺនសេវា។

លោក ស្រី សុភ័ក្ត្រ បានបន្ថែមថា រដ្ឋបាលខេត្ត ក៏បានយកចិត្តទុកដាក់ជំរុញ និងធ្វើទំនើបកម្មសេវាសាធារណៈ ដោយប្រជាពលរដ្ឋអាចស្នើសុំសេវាតាមប្រព័ន្ធអនឡាញ ងាយស្រួលតាមដានការស្នើសុំសេវា ពោលគឺត្រូវទទួលបាននៅថ្ងៃណា និងពេលណា ខណៈការបង់សេវា ពលរដ្ឋមានជម្រើសបង់ ដោយអាចបង់ថ្លៃសេវាតាមប្រព័ន្ធដែលស្នើសុំ និងអាចមកបង់ផ្ទាល់នៅកន្លែងតែម្ដក៏បាន។

លោកអភិបាលរងខេត្តបញ្ជាក់ថា«តាមរយៈការស្នើសេវាតាមប្រព័ន្ធអនឡាញនេះ ក៏អាចកត់ត្រានូវប្រវត្តិអ្នកស្នើសុំសេវាប្រសិនបើពលរដ្ឋធ្លាប់ស្នើសុំសេវានោះ ណាមួយម្ដងរួចហើយ លើកក្រោយពលរដ្ឋមកស្នើសុំសេវាដដែលម្ដងទៀតនៅអង្គភាពច្រកទៀត នោះពលរដ្ឋពុំចាំចាច់យកច្បាប់ដើមមកជាមួយទេ ពីព្រោះមន្ត្រីធ្លាប់មានកំណត់ត្រា ឬទិន្នន័យម្ដងរួចហើយ ដែលទាំងនេះជាការសម្រួល និងផ្ដល់ភាពងាយស្រួល ក្នុងការស្នើសេវាជូនប្រជាពលរដ្ឋបានយ៉ាងលឿន និងឆាប់រហ័ស»។

លោក ស្រី សុភ័ក្ត្រ បានអះអាងថា ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម  រដ្ឋបាលខេត្ត ក៏បានរៀបចំការប្រឡងប្រណាំងការផ្ដល់សេវាសាធារណៈបន្ថែម លើការប្រឡងប្រណាំងថ្នាក់ជាតិ ដើម្បីជំរុញការផ្ដល់សេវានៅតាមច្រកចេញចូលនីមួយៗកាន់តែល្អប្រសើរឡើង និងធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់ចំពោះមន្ត្រី ជាពិសេសការបម្រើសេវាបានយ៉ាងល្អនេះក៏បានជួយទាក់ទាញអ្នកវិនិយោគកាន់តែច្រើនឡើងៗផងដែរ។

ទន្ទឹមនឹងការផ្ដល់សេវា ខេត្តកំពង់ចាមក៏បានកសាងសមិទ្ធផលជាច្រើនរួមមាន ទី១ ជាខេត្តដែលត្រូវបានប្រកាសថា ជាខេត្តដែលគ្មានមីន ទី២ជាខេត្តទី៨ដែលបានប្រកាសថា បញ្ចប់ការបន្ទោបង់ពាសវាលពាលកាល ទី៣ជាខេត្តទី១ដែលបញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងឆ្នាំ២០២៤ ទី៤សម្រាប់ការិយាល័យប្រជាពលរដ្ឋត្រូវបានវាយតម្លៃជាប់ចំណាត់ថ្នាក់លេខ១ និងទី៥មន្ទីរពេទ្យខេត្តត្រូវបានវាយតម្លៃ ជាប់លេខ១ក្នុងចំណោមមន្ទីរកម្រិត៣ទូទាំងប្រទេសកម្ពុជា៕

...

ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print