ភ្នំពេញ ៖ ថ្លែងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ពី ចំណុចមួយក្នុងចំណោមចំណុចផ្សេងទៀតនៃគោលការណ៍ទាំង១៣ចំណុច នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលសម្រេចបានកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ដែលភាគីទាំងពីរបានព្រមព្រៀងមិនផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយណាមួយឡើយ។
លោកស្រីឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា ភាគីទាំងពីរបានព្រមព្រៀងគ្នាមិនផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយណាមួយឡើយ ដើម្បីបន្ធូរបន្ថយភាពតានតឹង កាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍របស់សាធារណជន និងបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនាប្រកបដោយសន្តិភាព។
ជាមួយគ្នានោះផងដែរ លោកស្រីឧត្តមសេនីយ៍ឯក បានថ្លែងបញ្ជាក់ថា កម្ពុជា មិនគាំទ្រដាច់ខាតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬចែករំលែកព័ត៌មានមិនពិត ឬផលិតព័ត៌មានក្លែងក្លាយណាមួយ ព្រោះទង្វើទាំងអស់នេះ មិនបានជួយដល់ការបន្ធូរបន្ថយ និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍របស់សាធារណជនប៉ុណ្ណោះទេ ថែមទាំងមិនបង្កើតបរិយាកាសអំណោយផលកិច្ចសន្ទនាប្រកបដោយសន្តិភាពបន្ថែមទៀតផង៕
ប្រភព ៖ (PRU)