ខេត្តកណ្ដាល÷ អតីតទណ្ឌិតម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅផ្ទះរបស់ខ្លួន។ ជន សង្ស័យរូបនេះមានសារធាតុញៀនក្នុងខ្លួន ហើយធ្លាប់ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំរួចមកហើយ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៥ វេលាម៉ោង ១៣:៤០នាទី នៅចំណុចភូមិអន្លង់ព្រីង ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ចាប ឆៃ ភេទប្រុស អាយុ ២៩ឆ្នាំ។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា ជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅផ្ទះរបស់ខ្លួន កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឫស និងប្រជាការពារ បានចុះទៅដល់ទីតាំងភ្លាមៗ។
លោកអធិការបានបន្តថា ពេលទៅដល់ កម្លាំងសមត្ថកិច្ចបានឃើញជនសង្ស័យកំពុងអង្គុយនៅលើគ្រែក្រោមសំយាបផ្ទះ។ ភ្លាមៗនោះ សមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យនិងដកហូតបានវត្ថុតាងនៅនឹងកន្លែងរួមមាន ថ្នាំញៀនចំនួន១០កញ្ចប់តូច, ទូរស័ព្ទដៃម៉ាក Vivo ១គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។ តាមការធ្វើតេស្ត ជនសង្ស័យមានលទ្ធផលវិជ្ជមាន(+)សារធាតុញៀន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំង១០កញ្ចប់នេះជារបស់ខ្លួនពិតប្រាកដមែន ដោយបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅភ្នំពេញក្នុងតម្លៃ ១០០.០០០រៀល ដើម្បីយកមកជួញដូរនិងប្រើប្រាស់។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕