រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរ ខណ្ឌ សង្កាត់ មន្ទីរ ជំនាញ ត្រូវចូលរួមរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៥ ប្រព្រឹត្ដទៅដោយរលូន

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំឱ្យ អាជ្ញាធរ ខណ្ឌ សង្កាត់ មន្ទីរជំនាញ គ្រឹះស្ថានឯកជន នានា ត្រូវចូលរួម រៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប្រព្រឹត្ដទៅដោយរលូន  ដែលពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ នៃអ្នកមានគុណ ទាំងឡាយដែលបានលាចាកលោកនេះទៅ កាន់លោកខាងមុខ ឱ្យទទួលបានបរមសុខជារៀងរហូត ។

    ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៥។ ដោយឡែក ពិធីបុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លានៅក្នុងព្រះពុទ្ធសាសនា ដែលក្នុងមួយឆ្នាំមានតែម្តង និងមានរយៈពេល២៩ថ្ងៃ ដោយវត្តអារាមនីមួយៗ ទទួលបានតែអង្គកឋិនទានមួយជាទានដ៏មានផលានិសង្ស សម្រាប់ ទាយក ទាយិកា និងបដិគ្គាហក។

        ឆ្នាំនេះ ពិធីបុណ្យកឋិនទាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ឱ្យបានអធិកអធម ស្របតាមទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនា និងធានា បាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារ ណៈល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំរដ្ឋបាល ខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ មន្ទីរ អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ  គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស ផ្សារទំនើប ផ្សារម៉ាត រមណីយដ្ឋាន មជ្ឈ មណ្ឌលកម្សាន្ត ទីតាំងអាជីវកម្ម គ្រប់ប្រភេទ និងគេហដ្ឋានប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមរៀបចំតុបតែងឱ្យបានស្អាត រួមជាមួយបរិស្ថានស្អាតផងដែរ ៕ ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print