ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ទៅអ្នកសារព័ត៌មានទាំងអស់ត្រូវស្គាល់ពីសិទ្ធិ និងករណីយកិច្ចរបស់ខ្លួនឱ្យច្បាស់ដើម្បីកុំឱ្យមានការភាន់ច្រឡំ និងចៀសផុតពីបញ្ហាប្រឈមផ្លូវច្បាប់ ។
ក្នុងពិធីសំណេះសំណាលជាមួយនឹងមន្ត្រីមន្ទីរព័ត៌មានខេត្ត និងក្រុមការងារព័ត៌មាន និងសាធារណមតិនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តសៀមរាប លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ដោយអ្នកសារព័ត៌មានត្រូវរាយការណ៍ ព័ត៌មានរបស់ខ្លួនដោយ ផ្សារភ្ជាប់ជាមួយសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវសង្គម ផ្នែកវិជ្ជាជីវៈ និងផ្លូវច្បាប់។
លោកអ្នកនាំពាក្យរូបនេះ បានបន្តថា អ្នកសារព័ត៌មានមានសិទ្ធិចុះយកព័ត៌មាន ស្វែងរកប្រភពព័ត៌មាននានា ដោយសេរី ។ ប៉ុន្តែក៏ត្រូវមាន កាតព្វកិច្ចគោរពសិទ្ធិបុគ្គល និងគោលការណ៍ច្បាប់ជាធរមានផងដែរ ។ ក្រៅពីនេះ អ្នកសារព័ត៌មាន មិនត្រូវផ្សព្វផ្សាយព័ត៌មាន ដែលបង្កមហន្តរាយដល់សណ្ដាប់ធ្នាប់សាធារណៈ ប៉ះពាល់ដល់ស្ថិរភាពក្នុងសង្គម និងសន្តិសុខជាតិឡើយ។
លោកអ្នកនាំពាក្យបន្ថែមថា អ្នកសារព័ត៌មានត្រូវបែងចែកឱ្យច្បាស់រវាងការផ្ដល់ព័ត៌មាន និងការបញ្ចេញមតិផ្ទាល់ខ្លួន ព្រមទាំងធានារាល់ការ បញ្ចេញមតិ ឬការរិះគន់ ត្រូវធ្វើឡើងដោយភាពថ្លៃថ្នូរ និងគោរពសិទ្ធិអ្នកដទៃ។ ជាងនេះទៀតអ្នកសារព័ត៌មាន ត្រូវមានកាតព្វកិច្ចរាយការណ៍ព័ត៌មាន ដោយមានប្រភពច្បាស់លាស់ ត្រូវផ្ទៀងផ្ទាត់ព័ត៌មាន និងចូលរួម ប្រឆាំងដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានភាន់ច្រឡំ។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា នៅពេលអ្នកសារព័ត៌មាន បានផ្សាយប្រាសចាកការពិត ក្រមសីលធម៌វិជ្ជាជីវៈ បំពានសិទ្ធិ និងករណីយកិច្ចរបស់ខ្លួនជាអ្នកសារព័ត៌មាន ក្រសួងតែងតែធ្វើការណែនាំ និងតម្រង់ទិស ដើម្បីឱ្យអនុវត្តដោយគោរពតាមនិយាមវិជ្ជាជីវៈ និងក្រមសីលធម៌វិញ ហើយបើនៅតែបន្តសកម្មភាពបំពានលើវិជ្ជាជីវៈ និងក្រមសីលធម៌ធ្ងន់ធ្ងរ ក្រសួងនឹងឈានទៅសម្រេចលុបអាជ្ញាបណ្ណ ដែលទាំងនេះជាការអនុវត្តនីតិវិធីក្នុងក្របខណ្ឌច្បាប់ និងដោយអនុលោមតាមច្បាប់ស្តីពីរបបសារព័ត៌មាន។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យ ក៏បានអំពាវនាវដល់អ្នកសារព័ត៌មាន អាជីព និងមិនមែនអាជីព ត្រូវមានទំនួលខុសត្រូវខ្ពស់ ពេលផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ដើម្បីចូលរួមក្នុងការធានាសណ្តាប់ធ្នាប់ ស្ថិរភាព និងសន្តិសុខសង្គម ដោយចៀសវាងការបំផ្លើស បំភ្លៃ ឬការកាឡៃព័ត៌មានប្រាសចាកពីការពិត និងជានិច្ចកាលត្រូវផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពព័ត៌មានផ្លូវការ និងមានសំឡេងអ្នកពាក់ព័ន្ធក្នុងសាច់រឿង ដើម្បីធានាគុណភាព និងតុល្យភាពព័ត៌មាន៕