ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ពលរដ្ឋ និងអ្នកសារព័ត៌មានចូលរួមជួយដល់រដ្ឋាភិបាលរក្សាការសម្ងាត់នៃកងទ័ព និងថែរក្សាសន្ដិសុខជាតិ។ លោកថាកុំព្រោះតែចង់បាន Like និង Share បែរជាធ្វើឱ្យខូចខាតដល់សន្ដិសុខជាតិ។
លោក ប៉ែន បូណា ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការទទួលបានព័ត៌មានពិតគឺជាការចង់បានរបស់ពលរដ្ឋដែលជាម្ចាស់ប្រទេស តែការផ្ដល់ព័ត៌មានក៏ត្រូវគិតគូរដល់សន្ដិសុខរបស់ជាតិផងដែរក្នុងពេលដែលកំពុងប្រឈមនឹងសត្រូវឈ្លានពាន។ លោកបន្ថែមថា ការផ្សាយព័ត៌មានពីទីតាំងឈរជើងរបស់កងទ័ព ពីលេណដ្ឋាន សភាវុធ ការសម្ងាត់របស់កងទ័ព ឬព័ត៌មានដែលមានលក្ខណៈបំបាក់ទឹកចិត្តកងទ័ពមិនត្រូវបានអនុញ្ញាតឱ្យផ្សាយជាដាច់ខាត។
លោកថា៖ «មិនមែនតែកម្ពុជាយើងទេ! ការសម្ងាត់យោធា សន្ដិសុខជាតិនេះគឺជារឿងដែលគេការពារហ្មត់ចត់ណាស់មិនអនុញ្ញាតឱ្យផ្សាយទេ»។
កាលពីថ្ងៃទី១ ខែសីហា ក្រសួងព័ត៌មានបានចេញសេចក្ដីណែនាំមួយដោយបានហាមឃាត់រាល់ការផ្សាយព័ត៌មានទាក់ទងនឹងទីតាំងកងទ័ព ការចល័តទ័ព ទីតាំងលេណដ្ឋាន គ្រឿងសព្វាវុធ និងយុទ្ធសាស្ត្រសម្ងាត់នានា ដែលអាចបង្កគ្រោះថ្នាក់ដល់កងទ័ព និងសន្តិសុខជាតិ។ ជាពិសេស រាល់ការផ្សព្វផ្សាយត្រូវធានាថាមិនប៉ះពាល់ដល់សន្តិសុខជាតិ ឯកភាពជាតិ ការបាក់ទឹកចិត្តកងទ័ព និងទំនាក់ទំនងអន្តរជាតិ។
ក្រសួងព័ត៌មានបានបញ្ជាក់ថា៖ «ព័ត៌មានទាំងអស់ត្រូវផ្ទៀងផ្ទាត់ជាមួយប្រភពផ្លូវការពីថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធ»។
គួរបញ្ជាក់ដែរថា ក្រសួងព័ត៌មាន ក៏បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលមិនគោរពតាមសេចក្ដីណែនាំផងដែរ។ បន្ទាប់ពីការព្រមាននេះនៅថ្ងៃទី២១ ខែសីហា ក្រសួងបានសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានអនឡាញមួយឈ្មោះ CCN-Daily ផងដែរដោយថាសារព័ត៌មានមិនគោរពតាមសេចក្ដីណែនាំ៕