ខេត្តបាត់ដំបង៖ កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកឯកភ្នំ សហការជាមួយសង្កាត់រដ្ឋបាលជលផលព្រែកតាច្រែង និងសហគមន៍នេសាទគោកដូង ព្រមទាំងសហគមន៍នេសាទព្រែកឆ្តោ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ខណៈកំពុងប្រើប្រាស់ឧបករណ៍ឆក់ត្រីដោយខុសច្បាប់។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ០១ និង០៣នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៥ នៅចំណុចខាងលិចបឹងរលួស ស្ថិតក្នុងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វួន វៃ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាមួយវត្ថុតាងដកហូតរួមមាន៖ អាគុយ៤០អំពែរចំនួន០១គ្រឿង ,អាំងវែរទ័រឆក់ត្រីចំនួន០១គ្រឿង, ដងឆក់ចំនួន០១គូ , ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅចំនួន០១គ្រឿង និងត្រីចម្រុះទម្ងន់២គីឡូក្រាម។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីរៀបចំនីតិវិធី ប្រគល់ឲ្យជំនាញចាត់ការតាមផ្លូវច្បាប់៕