ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកម្មវិធីរត់កម្សាន្ត ចម្ងាយ ៥គីឡូម៉េត្រ សម្រាប់ពលរដ្ឋជនភៀសសឹក កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ហើយមានពលរដ្ឋភៀសសឹកចំនួន ១៤២២នាក់ ចូលរួមការរត់នេះ។
«រត់ដើម្បីសន្តិភាព» មិនត្រឹមតែដើម្បីភ្ជាប់មិត្តភាព និងលើកកម្ពស់សុខភាពនោះទេ តែនេះក៏បង្ហាញអំពីបំណងទាមទាររកសន្តិភាពពិតប្រាកដ ទៅកាន់ពិភពលោកឱ្យបានដឹងឮ ក្រោយកម្ពុជារងការឈ្លានពានពីសំណាក់កងទ័ពប្រទេសជិតខាង។ នេះបើតាមការបង្ហោះរបស់រដ្ឋបាលខេត្តព្រះវិហារ ការរត់នេះធ្វើឡើងចំនួន ២ថ្ងៃ នៅពេលព្រឹកថ្ងៃទី២៣-២៤ ខែសីហា។
សូមជម្រាបថា ៖ ពីម្សិលមុិញ ! ឯកអគ្គរាជទូតជប៉ុន បង្ហាញការ«គ្រាំគ្រាចិត្ត»ជាថ្មី ក្រោយឃើញទុក្ខលំបាកពលរដ្ឋខ្មែរតាមព្រំដែនកម្ពុជា-ថៃ ។
លោក អ៊ូអិណុ ឯកអគ្គរាជទូតជប៉ុន បានថ្លែងថា “ថ្ងៃនេះ ខ្ញុំ រួមជាមួយនឹងអង្គទូតនានា បានចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ និងឧត្ដរមានជ័យ ដែលរៀបចំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះគឺជាលើកទីពីរ ដែលខ្ញុំបានចូលរួមទស្សនកិច្ចនៅតាមតំបន់ព្រំដែន ក្រោយការប៉ះទង្គិចរវាងយោធាដែលបានកើតឡើងនាចុងខែកក្កដា។
ខ្ញុំបានទទួលព័ត៌មាននានាពីមន្ត្រីរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរមូលដ្ឋានអំពីស្ថានការណ៍តាមតំបន់ព្រំដែនថ្មីៗនេះ ហើយតាមរយៈដំណើរទស្សនកិច្ច ខ្ញុំបានឃើញដោយផ្ទាល់នូវទុក្ខលំបាករបស់ប្រជាជនជាច្រើន ដែលមិនទាន់អាចវិលត្រលប់ទៅរកជីវភាពប្រចាំថ្ងៃជាប្រក្រតីបានវិញ ធ្វើឱ្យខ្ញុំគ្រាំគ្រាចិត្តជាថ្មីម្ដងទៀត។
រដ្ឋាភិបាលជប៉ុន និងខ្ញុំផ្ទាល់ នឹងបន្តកិច្ចខិតខំប្រឹងប្រែងគ្រប់រូបភាព ក្នុងការជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីឱ្យប្រជាជនតាមតំបន់ព្រំដែនអាចវិលត្រឡប់ទៅរកជីវភាពប្រក្រតី និងស្ងប់សុខឱ្យបានឆាប់ៗ ព្រមទាំងដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចរបស់កម្ពុជា ដែលបណ្តាលមកពីបញ្ហាព្រំដែន រួមទាំងប្រតិបត្តិការរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ឱ្យបានឆាប់រហ័សជាទីបំផុត។”
ដោយ ៖ សិលា