អ្នកនាំពាក្យក្រសួងការបរទេស៖​ ភាគីថៃ​ នៅតែព្រងើយកន្តើយ​ ក្នុងការដោះលែងទាហានកម្ពុជា១៨នាក់ដែលខ្លួនចាប់ទៅបើទោះបីជាមាន​កិច្ច​អន្តរាគមន៍ពីអន្តរជាតិក៏ដោយ

ចែករំលែក៖

ភ្នំពេញ​៖​ លោក នង សាកល​ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែង​ថា​ ភាគីថៃ​ នៅតែព្រងើយកន្តើយមិនព្រមដោះលែងកងកម្លាំងកម្ពុជា​មក​វិញ​នោះ​ទេ បើ​ទោះ​បី​ជា​មាន​កិច្ច​អន្តរាគមន៍ពី សហគមន៍អន្តរជាតិ ក៏ដូចជាប្រធាន​អាស៊ាន​យ៉ាង​ណាក៏​ដោយ​នោះ​។​ នេះបើគិតមកដល់ថ្ងៃនេះ គឺមានរយៈពេល២៥ថ្ងៃហើយ ដែលទាហាន​ថៃ​បាន​ចាប់​ខ្លួន​កង​កម្លាំង​កម្ពុជា​ដោយ​ខុស​ច្បាប់​ក្រោយ​បទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០២៥កន្លងទៅ។

ថ្លែង​នៅ​ក្នុ​​ងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០២៥នេះ​ លោក នង សាកល​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ បានគូសបញ្ជាក់ថា កម្ពុជាបានជូនដំណឹងទៅសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ ឧត្តម​ក្រុម​ប្រឹក្សា​សន្តិ​សុខអង្គការសហប្រជាតិ កាកបាទក្រហមអន្តរជាតិ សហគមន៍អាស៊ាន រួម​ទំាង​បណ្តា​ប្រទេស​ជា​មិត្ត​ជា​ច្រើន​ទៀតទាក់ទងនឹងថៃ ដែលបានចាប់ទាហានកម្ពុជា ១៨នាក់​ដោយ​ខុស​ច្បាប់ ខណៈកំពុងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយរហូត​មក​ដល់​ពេល​នេះ​ថៃ​នៅ​តែ​មិន​ព្រម​ដោះ​លែង​ពួកគាត់ទាំង ១៨នាក់មាតុភូមិនិវត្តវិញនោះទេ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​កម្ពុជា​ ក៏ដូចជាសហគមន៍អន្តរជាតិនៅតែបន្តទាមទាររហូតដល់ថៃបំពេញនូវកតព្វកិច្ចរបស់ខ្លួន ដោយ​ត្រូវ​ធ្វើការដោះលែងទាហានខ្មែរទាំង១៨នាក់មកកម្ពុជា វិញឲ្យបានឆាប់ និង​ស្រប​ទៅ​តាម​ការ​ទាមទារ​របស់សហគមន៍អន្តរជាតិ។

ទាក់ទងនឹងទាហានកម្ពុជាទាំង១៨នាក់ដែលថៃចាប់ទៅដោយខុសច្បាប់នេះដែរ លោកស្រី​ ឧត្តមសេនីយ៍ឯក​ ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បាន​បន្ត​អំពាវ​នាវ​យ៉ាង​ទទួច​ឲ្យ​ថៃ​ប្រគល់​ពួក​គាត់​​មក​កម្ពុជាវិញឲ្យបានឆាប់ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ខណៈ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​កំពុងទទឹងរង់ចាំទាំងយប់ទាំងថ្ងៃនោះ។

ជាថ្មីម្តងទៀត​ លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​ បានបញ្ជាក់ថា​ ក្រសួងការពារជាតិនិង​កង​យោធ​ពល​ខេម​រភូមិន្ទមិនបានព្រងើយកន្តើយ ឬទុកសមាជិក​របស់​ខ្លួន​ណា​មួយ​ចោល​នោះ​ទេ​ទោះ​ក្នុង​កាលៈ​ទេសៈ​ណាក៏​ដោយ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានកំពុង​ធ្វើ​ការ​យ៉ាង​យក​ចិត្ត​ទុកដាក់ និងស្រស្រាក់ស្រស្រាំបំផុត ដើម្បីធ្វើយ៉ាង​ណាជំ​រុញ​ឲ្យ​ភាគី​ថៃ​ដោះ​លែង​ពួក​គេ​មក​កម្ពុជា​វិញ​ឲ្យ​បាន​ឆាប់ៗ​។​

បន្ថែមពីនេះ​ លោក​ស្រី​អ្នក​នាំពា​ក្យ​ បាន​បញ្ជាក់​សារជា​ថ្មី​ម្តង​ទៀត​ថា ​កម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវឲ្យថៃបំពេញនូវកតព្វកិច្ចរបស់ខ្លួន ពោល​គឺ​រហូត​ដល់​ថៃ​ធ្វើ​ការ​ដោះលែ​ង​ទាហាន​កម្ពុ​ជាទាំ​ង​១៨​នាក់​នោះ​ឲ្យខា​ង​តែ​បាន​នា​ពេល​ឆាប់​ៗ​នេះ​៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print