ខេត្តស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ បានទទួលអំណោយសម្លៀកបំពាក់ចំនួន ៧៤០០២ PCS ពីក្រុមហ៊ុន វ៉ានជៀហាវ នីតធីង ឯ.ក (Wan Jia Hao Kniting Co.,Ltd) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ប្រគល់ជូនរដ្ឋបាលខេត្តចាត់ចែងប្រើប្រាស់តាមការចាំបាច់។
ពិធីទទួលអំណោយនេះ បានប្រព្រឹត្តទៅនៅសាលាខេត្តស្វាយរៀង ដែលមានការចូលរួមពី លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង និងតំណាងក្រុមហ៊ុនជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ លោក ប៉េង ពោធិ៍សា បានថ្លែងអំណរអរគុណយ៉ាងជ្រោលជ្រៅចំពោះក្រុមហ៊ុន វ៉ានជៀហាវ នីតធីង ឯ.ក ដែលបានឧបត្ថម្ភដល់រដ្ឋបាលខេត្តនូវសំលៀកបំពាក់យ៉ាងច្រើន ទុកសម្រាប់ចែកជូនដល់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងជនភៀសសឹក ប្រជាពលរដ្ឋដែលមានការខ្វះខាតផងដែរ។
ជាមួយគ្នានេះ លោកអភិបាលខេត្តក៏សូមអរគុណសប្បុរជននានា ដែលបានចូលរួមឧបត្ថម្ភ ដល់រដ្ឋបាលខេត្តកន្លងមកនេះ ដើម្បីជាការរួមចំណែកជួយគាំទ្រលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ រួមទាំងការចូលរួមដល់ជនភៀសសឹកដែលកំពុងជម្លៀសខ្លួនដែលត្រូវការជំនួសសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ៕