ភ្នំពេញ៖ ប្រធានសាលាដំបូងខេត្តកំពង់ចាម លោក សួស ឡា បានបញ្ជូនម៉ូតូចម្រុះម៉ាកចំនួន ១០០គ្រឿង ដល់វីរកងទ័ពជួរមុខ។ ម៉ូតូចម្រុះទាំង ១០០គ្រឿងនេះ គឺជាវត្ថុចាប់យកត្រូវរឹបអូសជាសម្បត្តិរដ្ឋចូលជាស្ថាពរនៃរដ្ឋបាលសាលាខេត្តកំពង់ចាម។
តាមរយៈសកម្មភាពនេះសាលាដំបូងខេត្តកំពង់ចាម ជាស្ថាប័នដំបូងដែលបានបញ្ជូនវត្ថុតាងចាប់យកនិងត្រូវបានរឹបអូសជាសម្បត្តិរដ្ឋចូលជាស្ថាពរ ជូនដល់វីរកងទ័ពជួរមុខការពារទឹកដី។ កាយវិការនេះជាគំរូមួយដ៏ល្អសម្រាប់ស្ថាប័នតុលាការដទៃទៀតយកលំនាំតាមក្នុងការបញ្ជូនវត្ថុតាងចាប់យកនិងត្រូវបានរឹបអូសជាសម្បត្តិរដ្ឋចូលជាស្ថាពរ ដើម្បីបម្រើជាប្រយោជន៍ជាតិជូនដល់វីរកងទ័ពជួរមុខដែលកំពុងត្រូវការក្នុងប្រើប្រាស់។
ការប្រគល់ជូនកងទ័ពកម្ពុជាកំពុងការពារទឹកដីនេះ គឺមានការឯកភាពពីក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ដោយឡែកនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រគល់ម៉ូតូនោះ បន្តជូនទៅតំណាងកងយោធពលខេមរភូមិន្ទ កងពលធំលេខ៣ចំនួន៥០គ្រឿង។
ក្នុងពេលនោះដែរ នៅចំពោះមុខអ្នកសារព័ត៌មាន អ្នកមុខអ្នកការ លោកអភិបាលខេត្តនិងតំណាងកងពលធំលេខ៣ បានសម្តែងនូវទឹកចិត្តរីករាយ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលបានយកចិត្តទុកដាក់ដល់សមរភូមិជួរមុខ សម្របសម្រួលផ្តល់នូវម៉ូតូចំនួន១០០គ្រឿង ដែលជាតម្រូវការចាំបាច់បំផុតក្នុងការដឹកជញ្ជូនស្បៀងជូនដល់យុទ្ធជននៅលេណដ្ឋានជួរមុខ៕