ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា-ថៃ បាននិងកំពុងបោះជំហានទៅមុខជាវិជ្ជមាន តាមរយៈលទ្ធផលផ្លែផ្កានៃកិច្ចប្រជុំដែលធ្វើឡើងជាបន្ដបន្ទាប់ចំនួន២លើក។
លោកអ្នកនាំពាក្យរូបនេះ បានអះអាងថា នៅក្នុងអំឡុងពេលនៃការអនុវត្តឈប់បាញ់នេះមាន កិច្ចប្រជុំវិសាមញ្ញគណៈកម្មាការព្រំដែនទូទៅកម្ពុជា-ថៃ GBC ដែលធ្វើឡើងកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កិច្ចប្រជុំគណៈកម្មការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជា-ថៃ RBC ដែលធ្វើឡើង២លើក នៅថ្ងៃ១៦ និងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដែលសុទ្ធតែទទួលបានលទ្ធផលជាផ្លែផ្កាវិជ្ជមាន។
តាមរយៈសន្និសីទសារព័ត៌មាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ការវិវត្តន៍ជាវិជ្ជមាននេះ គឺជាសមិទ្ធផលនៃការគោរពយ៉ាងម៉ឺងម៉ាត់ នៅកិច្ចព្រមព្រៀងឈប់បាញ់ ប្រកបដោយភាពអត់ធ្មត់ខ្ពស់ ដែលខ្ញុំតែងតែលើកម្ដងហើយម្ដងទៀត ជម្រាបជូនបងប្អូនយើងស្ទើតែរៀងរាល់ថ្ងៃ ដោយសង្កត់ធ្ងន់ថា ការអត់ធ្មត់ និងការរក្សាស្មារតី សាមគ្គី ឯកភាពជាតិ ជារឿងសំខាន់នៅក្នុងដំណាក់កាលនេះ»។
ក្នុងន័យនេះ លោក ប៉ែន បូណា បានសង្កត់ធ្ងន់ថា ការអត់ធ្មត់ដែលកម្ពុជាបានប្រកាន់យក ជាសញ្ញាល្អបានលិចឡើងជាបន្តបន្ទាប់ ដែលយើងគួរគប្បីបន្តធ្វើ និងបន្តទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋយើងចង់បានគឺ ដំណោះស្រាយដោយសន្តិវិធី និងសន្តិភាព។
ស្រដៀងគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានគូសបញ្ជាក់ដែរថា ការអនុវត្តបទឈប់បាញ់បានយ៉ាងពេញលេញរបស់ភាគីទាំងសងខាង នឹងធ្វើឲ្យបរិយាកាសមានភាពអំណោយផល ឆ្ពោះទៅការនាំមកវិញនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាព នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមិនត្រឹមតែជាអ្វីដែលប្រជាជនទាំងពីរចង់បាននោះទេ ក៏ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ តាមរយៈការចេញសារជាច្រើនសម្តែងការអបអរសាទរ និងការគាំទ្រចំពោះ កិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មការធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមថា ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការប្រកបដោយស្ថាបនា ដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសថៃ ម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ ដូចជាអាមេរិក ចិន ដើម្បីធានា ការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាពនិងពេញលេញ និងដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕ដោយ៖តារា