ភ្នំពេញ÷ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានចុះស៊ើប អង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៦នាក់ ដែលជាមុខសញ្ញាក្រុមចោរកាច់កម៉ូតូ និងធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងទទួលផលចោរកម្ម។
ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញដកហូតបាន ម៉ូតូចំនួន២គ្រឿង, ស្លាកលេខម៉ូតូ ចំនួន១, សោចិញ្ចៀន ចំនួន១, សោខ្សៀ ចំនួន៣, ទុលឡាវីស ចំនួន៤ និងកន្រ្ដៃច្រឹប ពណ៌ក្រហម ចំនួន១។ ប្រតិបត្តិការនេះ ក៏មានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងភ្នំពេញផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលេី បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕