រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវរក្សាការពារសណ្ដាប់ធ្នាប់ ឱ្យបានល្អ គ្រប់មណ្ឌលប្រឡង មធ្យមសិក្សាទុតិយភូមិ នៅថ្ងៃ២៨-២៩សីហា ២០២៥នេះ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវរក្សាការពារសណ្ដាប់ធ្នាប់ ឱ្យបានល្អ នៅគ្រប់មណ្ឌលប្រឡង មធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២៨-២៩ខែសីហា ឆ្នាំ២០២៥នេះ ដែលមានចំនួន៣៥ មណ្ឌល ស្មើនិង១១៣៥បន្ទប់ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌចំនួន ១២ ដែលមានបេក្ខជនសរុបចំនួន២៨១៦៥នាក់ កើនលើសឆ្នាំមុន ៣មណ្ឌល ក្រោមពាក្យស្លោក អ្នកចេះគឺជាប់។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើបែបនេះ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការ មន្ទីរអប់រំ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច ដើម្បីរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនមណ្ឌលប្រឡងទាំង៣៥មណ្ឌល នៅរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ។
លោក កើត ឆែ ក៏បានណែនាំឱ្យសមត្ថកិច្ច ពិសេសប៉ូលីសចរាចរណ៍ ជួយសម្រួលចរាចរណ៍ ដល់សិក្សានុសិស្សដែលជាបេក្ខជនប្រលង ដើម្បីធានាបានថា ពួកគាត់អាចមកប្រលងបានទាន់ពេលវេលា ជាមួយនិងការលុបបំបាត់កន្លែងកូបពីនៅជិតមណ្ឌលប្រលងជាដើម។
លោក កើត ឆែ បានបញ្ជាក់ថា៖ សម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖២៨ សីហា២០២៥នេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញមាន មណ្ឌលប្រឡងសរុបចំនួន ៣៥មណ្ឌល ត្រូវជា ១,១៣៥ បន្ទប់ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌចំនួន ១២ (មានខណ្ឌឫ ស្សីកែវ, ជ្រោយចង្វារ, ដូនពេញ, ៧មករា, ទួលគោក, ចំការមន, បឹងកេងកង,ច្បារអំពៅ,សែនសុខ,ពោធិ៍សែនជ័យ,មានជ័យ និងដង្កោ) ដែលមានបេក្ខជនសរុបចំនួន២៨,១៦៥នាក់ កើនលើសឆ្នាំមុនចំនួន៣មណ្ឌល។
លោក កើត ឆែ បានបន្តថា៖ ក្នុងដំណើរការប្រឡងរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី២៨-២៩ខែសីហា ឆ្នាំ២០២៥នេះ យើង នឹងប្រើប្រាស់បុគ្គលិកអប់រំសម្រាប់ចូលរួមគ្រប់សមាស ភាពគណៈកម្មការសរុបចំនួន ៣,៥៨៥នាក់។ ដោយមានការយកចិត្តទុកដាក់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់ការឧបត្ថម្ភ ជាថវិកា សម្រាប់ចូលរួមដំណើរការប្រឡង ជាមួយនិងការផ្តល់ជូនកន្លែងផ្ញើកង់-ម៉ូតូសម្រាប់បេក្ខ ជនចំ នួន៣៥មណ្ឌលស្មើ នឹង៣៥,០០០,០០០ រៀលដោយមិនតម្រូវឱ្យបេក្ខជនបង់ប្រាក់ថ្លៃផ្ញើរកង់-ម៉ូតូឡើយ។ផ្តល់ជូនកងកម្លាំងការពារមណ្ឌលប្រឡងទាំង៣៥ មណ្ឌល ស្មើ ៣៥,០០០,០០០រៀល។ ផ្តល់ជូនកងកម្លាំងការពារមណ្ឌលកំណែ១១មណ្ឌល ស្មើ១៣,២០០,០០០រៀល។ ផ្តល់ជូនកងកម្លាំងការពារកន្លែងរក្សាទុកប្រធានវិញ្ញាសា១មណ្ឌល ស្មើ ១,២០០,០០០រៀល។ ផ្តល់ជូនមន្ត្រីសុខាភិបាលប្រចាំតាមមណ្ឌល ៣៥មណ្ឌលស្មើ៥,៦០០,០០០រៀលសរុបទឹកប្រាក់ចំនួនៈ ៩០,០០០,០០០រៀល ៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print