លោក សួន សុម៉ាលីន អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់សមិទ្ធផលនានា នៅវត្តសិរីសារពេជ្ញ (តាគោក) ស្រុកព្រះស្តេច

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតី បញ្ចុះបឋមសិលាសាងសង់សមិទ្ធផលនានា នៅវត្តសិរីសារពេជ្ញ (តាគោក) ស្ថិតក្នុងភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមមន្ទីរអង្គភាព ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ បញ្ចុះបឋមសិលាសាងសង់សមិទ្ធផលនានា នៅវត្តសិរីសារពេជ្ញ (តាគោក) មានគម្រោងសាងសងកុដិសម្រាប់ព្រះសង្ឃស្នាក់នៅ ខ្នាតទទឹង ១០ ម៉ែត្រ បណ្តោយ ៧៧ ម៉ែត្រ និងគម្រោងសាងសង់ ហោព្រៃ ទទឹង ៧ ម៉ែត្រ បណ្តោយ ១៥ ម៉ែត្រ ដើម្បីកសាងទុក្ខតម្កល់ក្នុងព្រះពុទ្ធសាសនា ដើម្បីជាប្រយោជន៍រួមដល់ពុទ្ធបរិស័ទក្នុងការធ្វើបុណ្យទាន។

លោក សួន សុម៉ាលីន អភិបាលខេត្ត ក៏បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែក អាណាចក្រនិងពុទ្ធចក្រ បានដើរ ទៅមុខជាបន្តបន្ទាប់ជាក់ស្ដែងដូចនៅក្នុងវត្តសិរីសារពេជ្ញ (តាគោក)នេះ បានកសាងនូវសមិទ្ធផលថ្មីៗជាច្រើនរីកដុះដាលនៅក្នុងព្រះពុទ្ធសាសនាដែលធ្វើឱ្យវត្តអារាមមួយនេះបានបំពេញនៅសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និងធ្វើឱ្យប្រជាពុទ្ធបរិស័ទងាយស្រួលក្នុងការធ្វើបុណ្យទាន ភាវនាធម៌ សមាទានសីល ដែលជាប្រយោជន៍ក្នុងការលើកកម្ពស់គុណតម្លៃនៃព្រះពុទ្ធសាសនា ក៏ដូចជាការធ្វើឱ្យពុទ្ធបរិស័ទ បានបំពេញនូវបុណ្យកុសលរបស់ខ្លួន នោះផងដែរ។

លោក អភិបាលខេត្ត ក៏បានមានប្រសាសន៍បន្ថែមទៀតថា វត្តអារាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌ សុជីវធម៌ អប់រំកាយចិត្តមនុសឱ្យប្រព្រឹត្តតែអំពើល្អជាឆ្ងាយអំពីអំពើអកុសលទាំងពួង។ ហើយវត្តអារាមក៏ជាទីកន្លែងមួយសម្រាប់ជាការស្នាក់អាស្រ័យដល់សិស្សានុសិស្សដែលមកពីទីឆ្ងាយស្នាក់អាស្រ័យនៅវត្តដើម្បីបន្តការសិក្សារៀនសូត្រ នោះផងដែរ៕

...

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print