ខេត្តកណ្ដាល៖ កូនប្រុសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន បន្ទាប់ពីយកម៉ូតូរបស់ម្ដាយដែលខ្លួនបានខ្ចី ទៅឲ្យមិត្តភក្ដិដែលទើបស្គាល់ជិះបាត់ ហើយមិនព្រមប្រគល់ឲ្យម្ដាយវិញ។ ជនសង្ស័យរូបនេះក៏មានសារធាតុញៀនក្នុងខ្លួនផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២០ សីហា ២០២៥ វេលាម៉ោង ៦ ព្រឹក នៅភូមិឆក់ឈើនាង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហន ឡាង ៥៥ឆ្នាំ ជាម្ដាយរបស់ជនសង្ស័យ។ ចំណែកជនសង្ស័យឈ្មោះ លី លៀង ភេទប្រុស អាយុ៣១ឆ្នាំ ដែលជាកូនប្រុស ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៤ សីហា ២០២៥ ហើយមានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+) សារធាតុញៀន។ ម៉ូតូដែលបាត់បង់មានម៉ាក Honda Dream C125 ពណ៌ខ្មៅ-ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ-1GG-4589។
លោកអធិការបានបន្តថា នៅមុនពេលកើតហេតុ ជន រងគ្រោះបានចុះមកក្រោមផ្ទះហើយស្រាប់តែមិនឃើញម៉ូតូរបស់ខ្លួន។ ពេលសួរទៅកូនប្រុស ជនសង្ស័យបានឆ្លើយថា ម៉ូតូនោះបានឲ្យមិត្តភក្ដិម្នាក់ឈ្មោះ វី ដែលទើបស្គាល់កាលពីម្សិលមិញខ្ចីជិះទៅផ្សារអង្គស្នួលបាត់ហើយ។ លុះដល់ថ្ងៃទី២៤ សីហា ជនរងគ្រោះនៅតែមិនឃើញម៉ូតូ ក៏សម្រេចចិត្តទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលឆក់ឈើនាង។
ក្រោយទទួលបណ្ដឹងភ្លាម កម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញស្រុក ចុះទៅឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនបានប្រើប្រាស់គ្រឿងញៀនអស់រយៈពេល ២ឆ្នាំមកហើយ ហើយពិតជាបានឲ្យមិត្តភក្ដិឈ្មោះ វី ខ្ចីម៉ូតូជិះទៅ បាត់ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងតាមនីតិវិធី៕