ខេត្តរតនគិរី៖ ជនជាតិដើមភាគតិចឡាវ បន្តប្រើឧបករណ៍បុរាណក្នុងការស្វែងរក និងរែងមាសតាមដងទន្លេសេសាន ដើម្បីផ្គត់ផ្គង់គ្រួសារ។ ថ្វីត្បិតតែរ៉ែមាស និងត្បូងដែលរកបានមានតម្លៃថ្លៃ ប៉ុន្តែទម្រាំរែងបានរ៉ែមាស ១ទៅ ២ ហ៊ុន ពិបាកណាស់ ដោយសារតែអ្នកភូមិប្រើឧបករណ៍បុរាណជាលក្ខណៈគ្រួសារ។ អ្នកភូមិខ្លះថែមទាំងបានបោះតង់សម្រាកនៅទីនោះ ដើម្បីសម្រួលដល់ការរុករករ៉ែមាស។
លោក ទាយុ ជី ជនជាតិដលមភាគតិចឡាវ រស់នៅភូមិកាឡាន់ធំ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី បានប្រាប់ថា លោកបានចេះចាំពីរបៀបរែងមាសតាំងពីដូនតាមក ហើយក៏ប្រកបមុខរបររែងរ៉ែនេះមកដល់បច្ចុប្បន្ន។ លោកនិយាយថា៖« ការងារនេះបែបផ្សងព្រេង មិនទៀងទាត់ ជួនកាលបាន ជួនកាលមិនបាន ជាក់ស្តែងនៅពេលនេះអញ្ចឹង លោកនិងក្រុមគ្រួសារ បានមករែង៣ ដងហើយ រកពុំឃើញកម្ទេចមាសនោះទេ»។ យ៉ាងណាមិញ លោកថាបញ្ជាក់ថា បើថ្ងៃណាហេងរកបានកម្ទេចមាសនោះ លក់ចេញបានតម្លៃសមរម្យ ដូច្នេះបានជាព្យាយាមរករ៉ែកម្រ។ បើតាមលោក ទាយុ ជី កាលពីលោកអាយុប្រហែល ១៧ឆ្នាំ តំបន់នេះមានមាសច្រើនគួរសម្យ ប៉ុន្តែបច្ចុប្បន្នមិនសូរសម្បូរនោះទេ។
ចំណែកអ្នកស្រី មុត វ៉ាត់ ជាជនជាតិដើមភាគតិច បានប្រាប់ថា អ្នកស្រី និងស្វាមីបានមករករ៉ែមាស ៥ថ្ងៃហើយ ទើបរកមាសបានចំនួន ២ ហ៊ុន។ អ្នកស្រីថា៖«ឥឡូវពិបាករែងដោយសារខែនេះជារដូវវស្សា មានទឹកច្រើនហូរខ្លាំងនៅត្រង់កន្លែងរែងនោះ។ អ្នកស្រីបន្តទៀតថា ការងារនេះហត់ណាស់ ថែមទាំងទឹកស៊ីជើងទៀតផង»។ អ្នកស្រី រួមទាំងអ្នកភូមិ ធ្លាប់ធ្វើមុខរបរតាំងពីនៅក្មេង និងបោះតង់សម្រាកនៅតាមមាត់ទន្លេនេះ រែងរករ៉ែកម្រដើម្បីបានប្រាក់បន្តិចបន្តួចផ្គត់ផ្គង់គ្រួសារ។ បើតាមអ្នកស្រី មុត វ៉ាត់ ការរែងរករ៉ែមាសនេះ ថ្ងៃខ្លះមានអ្នកភូមិចូលរួមប្រមាណ ៥០ នាក់ ហើយអ្នកខ្លះរែងបានមាសត្រឡប់ទៅផ្ទះវិញ ប៉ុន្តែអ្នកខ្លះរែងអត់បានបន្តរែងដល់ព្រលប់ក៏មាន។
ខេត្តរតនគិរី ល្បីល្បាញដោយសារធនធានធម្មជាតិដ៏សម្បូរបែប រួមទាំងត្បូង និងរ៉ែដ៏មានតម្លៃ។ តាមដងទន្លេសេសាន នៅពេលរដូវវស្សានាំមកដីល្បាប់រាយឡំរ៉ែដ៏មានតម្លៃហើយនៅពេលទឹកស្រកទៅវិញក៏បានបន្សល់ទូកនូវរ៉ែកម្រទាំងនោះ។
លោក សាន់ តៃពូម មេភូមិកាចូនលើ បានប្រាប់ពីប្រវត្តិទីកន្លែងឆ្នេរខ្សាច់នេះ អ្នករស់នៅក្នុងភូមិផ្ទាល់ និងអ្នកភូមិផ្សេង តែងតែមករែងមាសនៅតំបន់នេះ។ លោកបន្តទៀតថា នៅសម័យបារាំង អ្នកភូមិធ្លាប់ប្រកបមុខរបរនេះ ប៉ុន្តែអាក់ខាន់ទៅវិញនៅសម័យខ្មែរក្រហម។ យ៉ាងណាមិញ នៅក្រោយសង្គ្រាម ឆ្នាំ ១៩៨១ ទៅឆ្នាំ ១៩៨២ អ្នកភូមិប្រកបរបរនេះឡើងវិញរហូតមកដល់សព្វថ្ងៃនេះ។ លោកថ្លែងថា៖«បើទោះបីមុខររបរនេះជាការផ្សងព្រេង ជួនកាលរកបាន ជួនកាលរកមិនបានក៏មាន ប៉ុន្តែអ្នកភូមិនៅតែព្យាយាមរក ដើម្បីសន្សំកម្ទេសរួចលក់ឱ្យឈ្មួញ ដើម្បីយកថវិកាចិញ្ចឹមគ្រួសារ»៕