ខេត្តបន្ទាយមានជ័យ : នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ អភិបាលខេត្តបន្ទាយមានជ័យ ជូនដំណឹងដល់ភាគីថៃ៖ ការសន្យាចេញប័ណ្ណកម្មសិទ្ធិឲ្យពលរដ្ឋថៃ នៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ដែលជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា ឬប៉ះពាល់ដល់តំបន់ដែលគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ពុំទាន់បានឯកភាពខណ្ឌសីមានៅលើដីជាក់ស្ដែង ឬប៉ះពាល់ដល់តំបន់ ដែលប្រជាពលរដ្ឋកម្ពុជាកំពុងកាន់កាប់ និងអាស្រ័យផលឡើយ។
សូមបញ្ជាក់ថា, អភិបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូន ឯកឧត្តម អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ស្តីពីករណីពាក់ព័ន្ធនឹងការលើកឡើងរបស់ ឯកឧត្តមអភិបាលខេត្តស្រះកែវ តាមរយៈកាសែត The Nation Thailand ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ស្តីពីការសន្យាចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃ ដែលមានសិទ្ធិ នៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ។
សេចក្តីដូចមានចែងនៅក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន ឯកឧត្តម អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ជ្រាបថា៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមសម្តែងនូវការព្រួយបារម្ភចំពោះ ព័ត៌មានដែលបានផ្សព្វផ្សាយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ថា ឯកឧត្តមអភិបាលខេត្ត បានលើកឡើង អំពីការសន្យាចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃដែលមានសិទ្ធិ នៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ដែលមានភូមិសាស្ត្រជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំពោះការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃនៅលើទឹកដីថៃគឺជាសិទ្ធិរបស់អាជ្ញាធរថៃ ប៉ុន្តែការចេញប័ណ្ណនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា ឬប៉ះពាល់ដល់តំបន់ដែលគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) នៃប្រទេសទាំងពីរពុំទាន់បានឯកភាពខណ្ឌសីមានៅលើដីជាក់ស្តែង ឬប៉ះពាល់ដល់តំបន់ ដែលប្រជាពលរដ្ឋកម្ពុជាកំពុងកាន់កាប់ និងអាស្រ័យផលឡើយ។ ក្នុងករណីដែលការចេញប័ណ្ណនេះធ្វើឱ្យ ប៉ះពាល់ដល់តំបន់ទាំងនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើការជំទាស់ចំពោះរឿងនេះ ព្រោះថាសកម្មភាព នេះរំលោភលើស្មារតីនៃ MOU ឆ្នាំ២០០០ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសប៉ះពាល់ទៅដល់ ដំណើរការការងារចរចា និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេស ទាំងពីរ។
អាស្រ័យហេតុនេះ សូម ឯកឧត្តម អភិបាលខេត្ត មេត្តាជ្រាប និងចូលរួមសហការក្នុងស្មារតីមិត្តភាព និងភាពជាអ្នកជិតខាងល្អ ដើម្បីជៀសវាងបង្កើតភាពតានតឹង និងផលប៉ះពាល់ជាអវិជ្ជមានរវាងភាគីទាំងពីរ។
សូម ឯកឧត្តម អភិបាលខេត្ត ទទួលនូវសេចក្តីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ ៕
ដោយ : ស តារា