អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​៖​ ហេតុការណ៍ថៃរាយលួសបន្លានៅភូមិជោគជ័យ កងកម្លាំងកម្ពុជាក៏ឈរជើងចាំការការពារពលរដ្ឋខ្មែរផងដែរ

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​ការពារ​ជាតិ​ បានថ្លែងថា​ ការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋខ្មែរជាមួយកងកម្លាំងយោធាថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ គឺកើតចេញពីឆន្ទៈនៃការស្រលាញ់ទឹកដី និងទ្រព្យសម្បត្តិរបស់ពួកគាត់​ ហើយក្នុងហេតុការណ៍នេះ ក៏មានកងកម្លាំងកម្ពុជា​ នៅឈរជើងចាំការពារពលរដ្ឋផងដែរ។​

ការថ្លែងបែបនេះ​របស់​លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នាព្រឹកថ្ងៃទី២៦ ខែសីហានេះដោយបញ្ជាក់ថា៖ ការប៉ះទង្គិចនេះកើតឡើងដោយសារតែប្រជាពលរដ្ឋការពារទ្រព្យសម្បត្តិរបស់ពួកគាត់ពីការរំលោភយកដោយយោធាថៃ តាមរយៈការាយបន្លាលួស និងដាក់កង់ឡានខុសច្បាប់ ដែលផ្ទុយពីបទឈប់បាញ់ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។

លោកស្រី​អ្នកនាំពាក្យរូបនេះ​ កងកម្លាំងយោធាថៃ កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានព្យាយាមប៉ុនប៉ងយកលួសបន្លាមករាយបន្ថែមទៀតចូលដៃកម្ពុជា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ត្រទល់មុខនឹងភូមិ Nong Chan ក្នុងស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ។ ប៉ុន្តែសកម្មភាពនេះ ត្រូវបានពលរដ្ឋខ្មែរដែលជាម្ចាស់ដី និងពលរដ្ឋផ្សេងៗទៀតរារាំងទប់ស្កាត់យ៉ាងខ្លាំងក្លា រហូតដល់កងកម្លាំងថៃយកបន្លាលួសរបស់ខ្លួនត្រឡប់ចូលទៅវិញ។

លោកស្រីអ្នកនាំពាក្យ បានគូសបញ្ជាក់ដូច្នេះថា «ចាប់តាំងពីយប់ថ្ងៃទី២៥ ខែសីហា រហូតដល់ព្រឹកថ្ងៃទី២៦ ខែសីហានេះ ប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀតបានរួមសាមគ្គីធ្វើការឆ្លើយតប គឺស្ដែងចេញពីការព្រួយបារម្ភចំពោះមុខនឹងការរាយបន្លាលួសរបស់កងទ័ពថៃ ហើយក៏ក្នុងគោលដៅការពារនូវអ្វីដែលពួកគាត់ចាត់ទុកថា គឺជាទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់តែប៉ុណ្ណោះ ដែលកើតចេញពីឆន្ទៈនៃការស្រលាញ់ទឹកដី និងការពារទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់»។

បន្ថែមពីនេះ​ លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​ ក្នុងហេតុការណ៍ខាងលើ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះកម្ពុជាដែលឈរជើងប្រចាំនៅតំបន់នោះ ក៏មានវត្តមាននៅទីនោះផងដែរ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ប៉ុន្តែកងកម្លាំងរបស់កម្ពុជា មិនមានអាវុធក្នុងដៃឡើយ ដោយរក្សាភាពអត់ធ្មត់ គោរពតាមកិច្ចព្រមព្រៀងនៃបទឈប់បាញ់។

លោកស្រីអ្នកនាំពាក្យរូបនេះ បន្តថា កងកម្លាំងកម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវលក្ខខណ្ឌបទឈប់បាញ់ ដូចបានឯកភាពក្នុងកិច្ចប្រជុំពិសេសរវាងប្រមុខដឹកនាំរដ្ឋាភិបាលប្រទេសទាំងពីរកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីឯកភាពគ្នានូវគោលការណ៍១៣ចំណុចក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

ក្នុងន័យនេះ តាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាអំពាវនាវយ៉ាងទទូចឱ្យភាគីថៃគោរពឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ជាពិសេសគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ RBC នាពេលថ្មីៗនេះ ដោយកុំពង្រីកភូមិសាស្ត្រនៃជម្លោះ និងជៀសវាងនូវទង្វើដែលនាំទៅដល់ការកើតឡើងវិញនៃភាពតានតឹងតាមព្រំដែនប្រទេសទាំងពីរ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print