ព្យុះនៅវៀតណាម មានករណីស្លាប់និងរងរបួសជាង១០ នាក់ ទឹកជន់លិចតំបន់ជាច្រើន

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ក្រុមមន្ត្រីនៅក្នុងប្រទេសវៀតណាម នៅថ្ងៃអង្គារ ទី២៦ ខែសីហា បានឱ្យដឹងថាព្យុះទីហ្វុង Kajiki បានសម្លាប់មនុស្សយ៉ាងហោច ៣នាក់ និង១០នាក់ផ្សេងទៀត បានរងរបួស ជាមួយការព្រមានថាភ្លៀងធ្លាក់ខ្លាំងអាចនឹងបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី។
ក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋាភិបាលវៀតណាម ក៏បានឱ្យដឹងដែរថាព្យុះ Kajiki បានបង្កការខូចខាតដល់ផ្ទះជិត ៧០០០ខ្នង បង្កឱ្យទឹកជន់លិចផ្ទៃដីដាំស្រូវ ២៨ ៨០០ហិកតា និងធ្វើឱ្យដើមឈើ ១៨ ០០០ដើមរលំ។ ព្យុះនេះថែមទាំងបានធ្វើឱ្យបង្គោលភ្លើង ៣៣១ដើមរលំផងដែរ ដោយបណ្ដាលឱ្យដាច់ចរន្តអគ្គិសនីនៅក្នុងខេត្ត Thanh Hoa, Nghe An, Ha Tinh, Thai Nguyen និងខេត្ត Phu Tho។
បន្ថែមពីលើនេះ រូបភាពចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមវិញ បានបង្ហាញពីដងផ្លូវជាច្រើនក្នុងរដ្ឋធានីហាណូយ ត្រូវបានជន់លិចខណៈភ្លៀងនៅតែបន្តធ្លាក់ខ្លាំង នៅព្រឹកថ្ងៃអង្គារនេះ។ បន្ទាប់ពីបក់បោកលើដីគោកនៃឆ្នេរភាគកណ្ដាលនៃប្រទេសវៀតណាម កាលពីរសៀលថ្ងៃចន្ទម្សិលមិញ ព្យុះ Kajiki បានថមថយចុះថាមពលក្លាយជា សម្ពាធត្រូពិក និងរំកិលទៅកាន់ប្រទេសឡាវ នៅព្រឹកថ្ងៃអង្គារនេះ។
អាជ្ញាធរឧតុនិយមវៀតណាម បានព្រមានថាភ្លៀងនឹងបន្តធ្លាក់ខ្លាំងនៅតាមផ្នែកជាច្រើននៃប្រទេស ដោយក្នុងនោះតំបន់ខ្លះអាចនឹងទទួលកម្រិតទឹកភ្លៀង ១៥០មីលីម៉ែត្រ ក្នុងរយៈពេល ៦ម៉ោង ដែលនេះអាចនឹងបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី៕

...

រូបថត​: VOV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print