ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះបានបង្ហោះសារយ៉ាងដូច្នេះថា ៖ ជូនសាធារណជនពិចារណា៖
1- អ្នកនាំពាក្យក្រសួងការពារជាតិមានពេលវេលាផ្សាយតាមការកំណត់ មួយថ្ងៃ២ដង (ពេលព្រឹកម៉ោង៧ និងពេលល្ងាចម៉ោង៤) ដើម្បីសរុបហេតុការណ៍ដែលបានកើតឡើងតាមបណ្តាព្រំដែន កិច្ចប្រជុំ ដំណើរការអនុវត្តបទឈប់បាញ់ ព្រមទាំងព័ត៌មានកងទ័ពផ្សេងៗទៀត ។
ក្នុងនោះមានអ្នកនាំភ្លើងមួយក្រុមបានយកការផ្សាយរបស់ក្រសួងការពារជាតិត្រឹមតែមួយជ្រុងមកបំភាន់ខ្លឹមសាររួម ៖ «ក្រសួងការពារជាតិបានផ្សាយថាសភាពការណ៍មានភាពស្ងប់ស្ងាត់នៅតាមព្រំដែន…… តែប្រជាជនបង្ហោះថាកំពុងប៉ះទង្គិចជាមួយទាហានថៃ រឿងពង្រាយបន្លាលួសចូលមកក្នុងដីប្រជាជន……. សាធារណជន «មិនដឹងត្រូវជឿខាងណា?»
សូមពិនិត្យនិងពិចារណា៖
– ក្រសួងការពារជាតិផ្សាយពីសភាពការណ៍ពីម៉ោង១២:00យប់ ដល់ម៉ោង៦ៈ០០នាទីព្រឹក មានស្ថានភាពស្ងប់ស្ងាត់
– ជាក់ស្តែងការប៉ះទង្គិចរវាងប្រជាជននឹងយោធាថៃ ពាក់ព័ន្ធនឹងរឿងបន្លាលួស នៅវេលាម៉ោង ២:២០នាទីរសៀល ជាមួយគ្នានោះអាជ្ញាធរខេត្តបន្ទាយមានជ័យ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច ឈរជើងចូលរួមដោះស្រាយ។ ថ្ងៃដដែលគ្នានោះ ផេកក្រសួងការពារជាតិក៏បានចេញផ្សាយភ្លាមចំនួនពីរដង។
➡️ តើក្រសួងការពារជាតិលាក់ព័ត៌មានត្រង់ណា???
2- បើសិនថតរូបភាពនិងវិឌីអូកន្លែងកើតហេតុ ថតតែប្រជាជន យើងនឹងឃើញតែប្រជាជន តែបើថតមួយជ្រុងទៀត យើងនឹងឃើញទាំងអភិបាលខេត្ត និងអាជ្ញាធរខេត្ត ព្រមទាំងកងកម្លាំងនៅការពារព្រំដែន ទឹកដី និងការពារបងប្អូនប្រជាជនដែលកំពុងតវ៉ាលើទីតាំងដីរបស់ខ្លួន។
ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិឳ្យបានជ្រាបថា៖ តាំងពីថ្ងៃទី២៨កក្កដា មកដល់ពេលនេះ កងកម្លាំងរបស់យើងបានរក្សាការពារប្រទេសប្រកបដោយភាពអត់ធ្មត់ជាទីបំផុត ដើម្បីអនុវត្តបទឈប់បាញ់ ជៀសវាងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធម្តងទៀត ដែលនឹងនាំឳ្យមានការខាតបង់ទាំងទ្រព្យសម្បត្តិ ទាំងបាត់បង់សាច់ញាតិបងប្អូន ប្រជាជន និងកងកម្លាំងយើង។ តើបងប្អូនមានបានកត់សម្គាល់ដែរឬទេថាកងកម្លាំងយើងមិនប្រដាប់អាវុធនៅទីតាំងកើតហេតុ (ឃុំអូរបីជាន់)នោះទេ គឺយើងប្តេជ្ញាចិត្តអនុវត្តបទឈប់បាញ់ឳ្យមានប្រសិទ្ធភាព។ សូមបងប្អូនជនរួមជាតិយោគយល់ពីទឹកចិត្តកងកម្លាំងយើងនៅទីនោះ និងរួមគ្នាអត់ធ្មត់ដើម្បីប្រយោជន៍ជាតិយើងទាំងមូល។ យើងនៅសល់កិច្ចប្រជុំវិសាមញ្ញRBC រវាងយោធភូមិភាគទី៤ នឹងយោធភូមិភាគទី២(ថៃ) នៅថ្ងៃទី២៧ ខែសីហានេះ និងកិច្ចប្រជុំGBC នៅរាជធានីភ្នំពេញ នៅថ្ងៃទី៩-១០ ខែកញ្ញាខាងមុខនេះទៀត។
PS: ➡️សូមបញ្ជាក់ថា ការការពារប្រទេសជាតិ ការការពារព្រំដែន មិនមែនជារឿងតូចតាចទេ ហើយក៏មិនអាចបំភ្លៃព័ត៌មានបាននោះដែរ គ្មានថ្នាក់ដឹកនាំណាដែលយកប្រជាជនខ្លួនជាខែល ឬជាឈ្នាន់ដើម្បីការពារផលប្រយោជន៍ខ្លួន ដូចថ្នាក់ដឹកនាំក្បត់ជាតិមួយចំនួនដែលរស់ស្រួល ដេកស្រួល នៅក្រៅប្រទេសនោះទេ។ ប្រជាជនខ្មែរមានវិជ្ជាជីវៈ កុំនាំប្រទេសជាតិធ្លាក់ក្នុងថ្លុកសង្គ្រាម ដូចអតីតកាលទៀត៕
ដោយ ៖ សិលា