អ្នកនាំពាក្យក្រសួងការពារជាតិ៖​ ក្រុមអ្នកសង្កេតការណ៍អន្ដរកាល (IOT) ចំនួន៥ប្រទេស បានចុះទៅពិនិត្យជាក់ស្តែងដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន ត្រង់ចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​ការពារ​ជាតិ​ បានថ្លែងថា​៖​ នៅថ្ងៃទី២៦ ខែសីហានេះ ក្រសួងការពារជាតិកម្ពុជាបានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អន្ដរកាល (IOT) ចំនួន៥ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានចុះទៅពិនិត្យជាក់ស្តែងដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន ត្រង់ចំណុចបណ្តោយព្រំដែនលេខ៤៧ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ការថ្លែងបែបនេះ​របស់​លោកស្រី​ ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកស្រី​អ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់ថា​ នៅថ្ងៃទី២៦ ខែសីហានេះ សកម្មភាពរបស់ប្រជាពលរដ្ឋកម្ពុជាដែលចេញតវ៉ាឆ្លើយតប នឹងការរាយបន្លាលួសរបស់កងកម្លាំងយោធាថៃ ក្នុងភូមិសាស្ដ្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កើតឡើងដោយតែឆន្ទៈស្រលាញ់ទឹកដី និងការពារកម្មសិទ្ទិស្របច្បាប់របស់ពួកគាត់។ 

ជាមួយគ្នានេះ​ លោកស្រី​អ្នកនាំពាក្យ​ បានបញ្ជាក់ថា មកទល់រសៀលថ្ងៃទី២៦ ខែសីហានេះ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលភាគីកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការរបស់យោធភូមិភាគទី៤ កម្ពុជា នៅជួបប្រជុំពិភាក្សាការងារជាមួយក្រុមលេខាធិការយោធភូមិភាគទី២ ថៃ ដឹកនាំដោយ វរសេនីយ៍ឯក យុតថៈសាត សេនថៈឆៃ នាយរងសេនាធិការ យោធភូមិភាគទី២នៅឡើយ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print