ភ្នំពេញ៖ ថ្លែងក្នុងឱកាសរៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង ០៤រសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានស្នើឱ្យពលរដ្ឋរក្សាឱ្យបាននូវសន្តិភាពនិយម និងអហិង្សា តាមរយៈការបង្ហាញទឹកចិត្តស្នេហាជាតិដោយប្រើបញ្ញា ជាជាងប្រើអារម្មណ៍។
បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំផ្លាញពិន្ទុដ៏ល្អរបស់កម្ពុជា គេបានញុះញង់តាមវិធីគ្រប់យ៉ាង ដើម្បីឱ្យកម្ពុជាអស់ការអត់ធ្មត់ ហើយឈានទៅប្រព្រឹត្តអំពើហិង្សាណាមួយ ដែលគេអាចប្រើប្រាស់ជាលេសបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ តាមរយៈការចោទប្រកាន់ថា កម្ពុជាបាញ់មុន។ នេះគឺជាអន្ទាក់ដ៏គ្រោះថ្នាក់។
លោក ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះថា «សូមបងប្អូនយើងរក្សាឲ្យបាន នូវស្មារតីសន្តិភាពនិយម និងអហិង្សាតាមរយៈទឹកចិត្តស្នេហាជាតិ ដោយប្រើបញ្ញា ច្រើនជាងប្រើអារម្មណ៍ ដើម្បីចៀសវាងធ្លាក់ទៅក្នុងអន្ទាក់ នៃការញុះញង់ បំបែកបំបាក់ កម្លាំងមហាសាមគ្គីជាតិខ្មែរ ពីសំណាក់មជ្ឈដ្ឋានអមិត្តរបស់កម្ពុជា ជាពិសេសការប៉ុនប៉ងបំបែកកម្លាំងប្រជាពលរដ្ឋ ពីរាជរដ្ឋាភិបាល ពីកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលជាខឿនការពារជាតិដ៏រឹងមាំ»។
សូមជម្រាបថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៤៖២០ នាទីរសៀល កងកម្លាំងយោធារបស់ថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្ត្រភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅភូមិជោគជ័យធ្វើការទប់ស្កាត់យ៉ាងខ្លាំងទើបកងកម្លាំងរបស់ថៃយកបន្លាលួសនោះត្រឡប់ទៅវិញ។
កម្ពុជាស្នើឱ្យភាគីថៃគោរពឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងជាពិសេសស្មារតីនៃកិច្ចព្រមព្រៀង នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការមិនពង្រីកភូមិសាស្ត្រ នៃជម្លោះ និងជៀសវាងទង្វើដែលនាំទៅដល់ការកើនឡើងនៃភាពតានតឹង។ កម្ពុជាបញ្ជាក់ថា រាល់ទំនាស់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនត្រូវយកទៅដោះស្រាយដោយគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០ (MOU 2000)៕ដោយ៖តារា