ពិធីបិទមហាសន្និបាត សហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី​ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង ពិធីបិទមហាសន្និបាត សហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានការអញ្ជើញចូលរួមពីលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្ត តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធស្រូវអង្គរកម្ពុជា និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ​ នារសៀលថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋគារសូហ្វីតែលភ្នំពេញភូគីត្រា។

នាឱកាសនោះ លោកស្រី​រដ្ឋមន្រ្តី បានគោរពរាយការណ៍ជូនអំពីដំណើរការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធសហព័ន្ធស្រូវអង្ករកម្ពុជា ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៥ ក្រោមការរៀបចំនិងពិនិត្យដោយគណៈកម្មការៀបចំការបោះឆ្នោតបង្កើតទ្បើងដោយក្រសួងពាណិជ្ជកម្ម ក្នុងនាមអាណាព្យាបាលបច្ចេកទេស។ 

លោកស្រី​រដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា សម្រាប់អាណត្តិទី៥ ផែនការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ផ្តោតលើសរសរស្តម្ភចំនួន ៤ រួមមាន៖ (១.) អភិបាលកិច្ច៖ បន្តពង្រឹងអភិបាលកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងប្រកបដោយការទទួលខុសត្រូវ និងគណនេយ្យភាព (២.)  ជំរុញផលិតកម្មពូជស្រូវ៖ បន្តនិងចូលរួមសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងគោលនយោបាយជំរុញការផលិតពូជស្រូវ និងចែកចាយដល់ប្រជាកសិករ និងធ្វើកិច្ចសន្យាកសិកម្មដើម្បីធានាបាននូវតម្លៃស្រូវ ជាពិសេសជាមួយសហគមន៍ទំនើប (៣.) ទីផ្សារ និងការធ្វើពីពាធកម្ម ៖ ជំរុញការនាំចេញ ដោយរៀបចំផែនការយុទ្ធសាស្រ្តទីផ្សារគោលដៅ ស្របតាមប្រភេទពូជស្រូវ និងផលិតផល ស្របតាមគោលនយោបាយយុទ្ធសាស្ត្រពិពិធកម្មទីផ្សាររបស់ក្រសួងពាណិជ្ជកម្ម និង (៤.) ការស្រាវជ្រាវ និងអភិវឌ្ឍន៍៖ រៀបចំឱ្យមានមូលនិធិឯកជនរបស់សហព័ន្ធស្រូវអង្ករបន្ថែមដើម្បីស្រាវជ្រាវ អភិវឌ្ឍន៍លើប្រភេទពូជស្រូវ ដែលអាចឆ្លើយតបការប្រែប្រួលបរិយាកាសទីផ្សារ និងទិន្នផល។ បន្តជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការដាំដុះ ការកិនកែច្នៃ និងជំរុញឱ្យមានស្តង់ដារតម្រូវគ្រប់ប្រភេទរបស់រោងម៉ាស៊ីនកិនស្រូវក្នុងការនាំចេញ។

ជាលទ្ធផល ក្នុងចំណោមសមាជិកដែលមានសិទ្ធិបោះឆ្នោតចំនួន ១១៧រូប ការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ នេះ ទទួលបានលទ្ធផល ដូចខាងក្រោម៖

– ឧកញ៉ា ទ្បាយ ឈុនហួ ត្រូវបានជាប់ឆ្នោតធ្វើជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥ 

– សមាជិក ២៨ រូប ត្រូវបានជាប់ឆ្នោតជា សមាជិកក្រុមប្រឹក្សាភិបាល 

– សមាជិកក្រុមប្រឹក្សាភិបាលចំនួន ៣ រូប ដែលបានបោះឆ្នោតជ្រើសរើសដោយសហគមន៍កសិកម្ម

– ឧកញ៉ា ចាន់ សុឃាំង ត្រូវបានជាប់ឆ្នោតធ្វើជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print