ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីសម្ពោធយុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០ និងពិធីបេីកមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រេីសរេីសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃ(ស.អ.ក) អាណត្តិទី៥។
ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ស្ថិតក្នុងគ្រាដ៏លំបាកនេះ មន្ត្រីនៃក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ នៅតែបន្តឆ្លើយតបនឹងការធ្លាក់ថ្លៃស្រូវសើម តាមរយៈការសម្របសម្រួលការប្រមូលទិញនៅទីវាលនិងដឹកជញ្ជូន ហើយការដាក់ចេញយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញនេះ នឹងជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងជំរុញថ្លៃស្រូវរបស់ប្រជាកសិករ។
បេីតាម លោករដ្ឋមន្រ្តី កម្ពុជាផ្ដោតអាទិភាពលើលក្ខណៈពិសេសនៃពូជស្រូវក្រអូប និងប្រណិត ដើម្បីប្រជែងគុណភាពនៅលើទីផ្សារគោលដៅ ជាជាងការប្រកួតប្រជែងលើបរិមាណ គឺនឹងជួយបង្កើនតម្លៃហើយផ្ដល់ផលចំណេញជូនទាំងរោងម៉ាស៊ីននាំចេញ ទាំងប្រជាកសិករផ្ទាល់។ បន្ថែមពីនេះ លោករដ្ឋមន្រ្តី លើកទឹកចិត្តឱ្យរោងម៉ាស៊ីនជឿជាក់ និងផ្ដល់តម្លៃខ្ពស់ដល់ពូជយុទ្ធសាស្ត្ររបស់កម្ពុជា ដើម្បីជួយជំរុញម៉ាកយីហោអង្ករកម្ពុជាទៅប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
លោករដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តជ្រោមជ្រែងប្រជាកសិករតាមរយៈការចងក្រងសហគមន៍កសិកម្មទំនើប និងការដាំដុះដោយចុះកិច្ចសន្យាលក់ទុកមុន ដើម្បីធានាគុណភាព និងការផ្គត់ផ្គង់ឋិតថេរ ដែលអាចប្រជែងក្នុងទីផ្សារគោលដៅបាន៕ដោយ៖តារា