អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ រសៀលស្អែកនេះ ស្ពានមេគង្គក្រចេះ នឹងបើកឱ្យបេក្ខជនប្រឡងបាក់ឌុបឆ្លងកាត់៣ថ្ងៃ

ចែករំលែក៖

ខេត្ត​ក្រចេះ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ បានមានប្រសាសន៍ថា​ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យក្មួយៗបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)សម័យប្រឡង៖២៨ សីហា ២០២៥ លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្ស ឆ្លងកាត់រយៈពេល៣ថ្ងៃ ដើម្បីសុវត្ថិភាពដល់ការធ្វើដំណើរទៅប្រឡង និងកុំឲ្យពិបាកជិះទូក កាណូត ឆ្លងកាត់ទន្លេនៅរដូវទឹកដំឡើង។

លោក​ ផន​ រឹម​ បានគូសបញ្ជាក់ថា​ ខាងក្រោមនេះ គឺជាម៉ោងពេលសម្រាប់ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ដោយមានការជួយសម្រួលពីមន្ត្រីការដ្ឋានស្ថាបនាស្ពាន អាជ្ញាធរ និងសមត្ថកិច្ចនៅទីនោះ៖

១-ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ :- បើកម៉ោង ១៣:០០ ដល់ម៉ោង១៧:០០ល្ងាច

២- ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ :- បើកម៉ោង ០៥:៣០ ដល់ម៉ោង០៨:០០ ព្រឹក និងបើកម៉ោង ១៧:០០ ដល់ម៉ោង ១៨:៣០ ល្ងាច

៣-ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ : – បើកម៉ោង ០៥:៣០ ដល់ម៉ោង០៨:០០ ព្រឹក និងបើកម៉ោង ១៦:៣០ ដល់ម៉ោង ១៧:៣០ ល្ងាច។

គួរបញ្ជាក់ថា ដើម្បីសុវត្ថិភាព ការអនុញ្ញាតិឆ្លងកាត់សម្រាប់តែយានធុនស្រាលប៉ុណ្ណោះ(ម៉ូតូ កង់ និងថ្មើជើង)។​ 

ជាមួយគ្នានេះ​ លោកអ្នកនាំពាក្យរូបនេះ​ ក៏សូមជូនពរក្មួយៗបេក្ខជនប្រឡងទាំងអស់ ទទួលបានលទ្ធផលជោគជ័យគ្រប់ៗគ្នា(អ្នកចេះគឺជាប់)៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print