លោក អ៊ុច បូររិទ្ធ៖ កម្ពុជាមិនចង់មានសង្រ្គាមជាមួយប្រទេសជិតខាងទេ ប្រជាជនកម្ពុជាចង់បានសន្តិភាព ហើយកម្ពុជាប្រកាន់គោលនយោបាយឯករាជ្យ អព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ប្រជាពលរដ្ឋចំនួន២២៨នាក់ នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) បានគូសបញ្ជាក់ថា កម្ពុជាមិនចង់មានសង្រ្គាមជាមួយប្រទេសជិតខាងទេ ហើយប្រជាជនកម្ពុជាចង់បានសន្តិភាព។ ទន្ទឹមគ្នានេះ ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតខ្ពស់របស់សម្តេចតេជោ និងក្រោមការដឹកនាំប្រកបដោយថាមពលរបស់សម្តេចបវរធិបតី កម្ពុជាបានប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អព្យាក្រឹតជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។

ក្នុងឱកាសនោះ លោកប្រធានក្រុមភូមិភាគទី២ បានជម្រាបអំពីការរៀបចំនិងការប្រព្រឹត្តទៅព្រឹទ្ធសភានីតិកាលទី៥ និងបានរំលឹកអំពីមូលហេតុ និងសភាពការណ៍វិវត្តថ្មីៗ នៃការឈ្លានពានយ៉ាងគឃ្លើនរបស់ប្រទេសថៃ មកលើទឹកដីកម្ពុជា ដែលមានតាំងពីយូរណាស់មកហើយរហូតមកដល់បច្ចុប្បន្ននេះ។ ចំពោះបញ្ហាព្រំដែននេះ ទាំងសម្តេចតេជោ និងសម្តេចបវរធិបតី បានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជម្លោះព្រំដែននេះ ដោយភាពអត់ធ្មត់ សន្តិវិធី ផ្អែកលើច្បាប់ លើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញអាស៊ាន និងតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីនិរន្តរភាពសន្តិភាពសម្រាប់ប្រជាជនទាំងពីរកម្ពុជា និងថៃ។
លោកប្រធានក្រុមភូមិភាគទី២ បានវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាចក្លាហានមោះមុតរបស់វីរយុទ្ធជនដែលបាននិងកំពុងលះបង់កម្លាំងកាយ ចិត្ត បូជាអាយុជីវិត តស៊ូ អត់ធ្មត់ ក្រាញននៀល ក្នុងការការពារជាតិមាតុភូមិកម្ពុជា និងបានសម្តែងនូវមោទនភាពជាតិខ្ពស់ចំពោះស្មារតីស្នេហាជាតិរបស់បងប្អូនជនរួមជាតិទាំងអស់ ដែលបានរួបរួមជាកម្លាំងមហាសាមគ្គីឯកភាពជាតិជាធ្លុងមួយ ដើម្បីវាយបំបាក់ពីការឈ្លានពានរបស់ប្រទេសថៃ និងការរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក។ ទាំងអស់នេះ អាចបញ្ជាក់បានថា គ្មានអ្នកណាមកស្រឡាញ់ខ្មែរជាងខ្មែរនោះទេ។
លោកប្រធានក្រុមភូមិភាគទី២ បានជម្រាបអំពីមូលហេតុនៃការរៀបចំច្បាប់ដកសញ្ជាតិ និងបានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការញុះញង់របស់ក្រុមជនជ្រុលនិយមមួយក្តាប់តូច ដែលតែងតែបកស្រាយព្រឹត្តិការណ៍ខុសស្រឡះពីការពិត បំបាក់ស្មារតីកងទ័ព គប់គិតជាមួយបរទេស និងធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។
លោកប្រធានក្រុមភូមិភាគទី២ បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានជួយពន្យល់ណែនាំដល់ពលករយើងដែលត្រឡប់មកពីប្រទេសថៃ ឱ្យប្រកបរបបរកស៊ី ឬធ្វើការនៅក្នុងស្រុកយើងវិញ ប្រសើរជាងទៅធ្វើការនៅស្រុកគេ ដែលទទួលរងការប្រមាថមើលងាយ។
ជាទីបញ្ចប់ លោកប្រធានក្រុមភូមិភាគទី២ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងពរជ័យរបស់ សម្តេចតេជោ ប្រមុខរដ្ឋស្ដីទី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកជើងព្រៃ៕

...

ប្រភព៖ នាយកដ្ឋានព័ត៌មាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print